Thursday, July 2, 2020

បឹងទន្លេសាប (Tonlé Sap)

បឹងទន្លេសាប (Tonlé Sap)ជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍។ ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាបដោយសារវិសាលភាពដ៏ធំរបស់បឹងនេះ។ បឹងទន្លេសាប ជាអាងស្តុកទឹកធម្មជាតិ និងជាជំរកមច្ឆាជាតិ ដ៏សំខាន់សំរាប់ប្រជាជនកម្ពុជា
នៅរដូវប្រាំងបឹងមានទំហំតូច ប្រហែល ២៧០០ គ.ម និងមានជំរៅប្រហែល១ម៉ែត្រប៉ុណ្ណោះ។​នៅរដូវវស្សាវិញ ទឹកទន្លេមេគង្គច្រាលឡើងតាមទន្លេសាប ចូលមក បឹងទន្លេសាប ធ្វើអោយបឹងនេះមានទំហំដល់ទៅ ១៦០០០ គ.ម និងជំរៅដល់ទៅ ៩ម៉ែត្រ។ បឹងទន្លេសាប ពង្រីក​វិសាលភាពរបស់ខ្លួននៅរដូវវស្សា ដោយពង្វាតផ្ទៃទឹកចូលទៅតាមតំបន់ព្រៃរនាម ដែលនៅជុំវិញ បង្កលក្ខខណ្ឌអនុគ្រោះដល់ការពងកូនរបស់មច្ឆាជាតិ។ កត្តានេះហើយដែលធ្វើអោយ បឹងទន្លេសាប ក្លាយជាប្រភពត្រីទឹកសាបធំជាងគេនៅលើពិភពលោក។ បឹងទន្លេសាប ផ្គត់ផ្គង់ជីវភាព​ប្រជាជនកម្ពុជាប្រមាណជាង ៣លាននាក់ ផ្តល់ត្រីទឹកសាប ៧៥%នៃផលិតផលត្រីទឹកសាបសរុបក្នុង​ប្រទេស។ នៅចុងរដូវវស្សា ទឹកចាប់ស្រក ជាពេលដែលត្រីធំធាត់ពេញរូបរាង ហើយក៏ជាពេលដែល​រដូវនេសាទចាប់ផ្តើមនៅទូទាំងប្រទេស។
អ្នកអង្កេតការណ៍ជាតិក្នុងស្រុកបានព្រួយបារម្ភអំពីកំណើនយ៉ាងឆាប់រហ័សនៃដីល្បាប់ដែលហូរមកចាក់ក្នុងបឹងជារៀងរាល់ឆ្នាំ។ ប៉ុន្តែតាមការសិក្សារយៈពេលវែងអំពីដីល្បាប់នេះ បានអះអាងថាមាន​កំណើនដីល្បាប់ក្នុងអត្រាតែ ០.១ទៅ០.១៦ ម.ម ប៉ុណ្ណោះក្នុង១ឆ្នាំ ដែលការណ៍នេះគ្មានការគំរាម​គំហែង​ធ្ងន់ធ្ងរទេដល់បឹង។ តែផ្ទុយទៅវិញ ដីល្បាប់ទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុង​ប្រព័ន្ឋអេកូឡូស៊ី ដោយផ្តល់នូវដីមានជីវជាតិដល់តំបន់ព្រៃរនាម។
ចរន្តទឹកដែលហូរបញ្ច្រាស់គ្នាចូលនិងចេញពីបឹងទន្លេសាប ជាលក្ខខណ្ឌការពារទឹកជំនន់នៅរដូវវស្សា និង ការខ្វះខាតទឹកនៅរដូវប្រាំង។ នៅរដូវវស្សា បឹងទន្លេសាបផ្តល់៥០%នៃទឹកដែលហូរទៅស្រោចស្រប់តំបន់ដីសណ្តរទន្លេមេគង្គ។
ដៃបឹងទន្លេសាបមានដូចជា÷
  • ដៃបឹងទន្លេសាបខាងឆ្វេងមាន÷
    • ស្ទឹងស្រែង មានប្រភពពីភ្នំដងរែក
    • ស្ទឹងសៀមរាប មានប្រភពមកពីភ្នំគូលែន
    • ស្ទឹងរលួស
    • ស្ទឹងជីក្រែង
    • ស្ទឹងស្ទោង
    • ស្ទឹងសែន ដែលមានប្រវែង ៤៥០គ.ម។
  • ដៃបឹងទន្លេសាបខាងស្ដាំមាន÷
    • ស្ទឹងសិរីសោភ័ណ
    • ស្ទឹងមង្គលបូរី
    • ស្ទឹងសង្កែ
    • ស្ទឹងមោង(ស្ទឹងដូនតី)
    • ស្ទឹងស្វាយដូនកែវ
    • ស្ទឹងពោធិ៍សាត់
    • ស្ទឹងបរិបូណ៌ ។

No comments:

Post a Comment