Tuesday, March 20, 2012

នំពងត្រី និង នំកូនត្រី




នំកូនត្រី និង នំពងត្រី 

នំពងត្រី ធ្វើ អំពី​ ម្សៅ អង្ករ ដំណើប មាន សណ្តែកបាយ ចំហុយ ដាក់ អំបិល ពូត ជា ដុំស្នូល ពណ៌លឿង ដូច ពងត្រី និង មានទឹកផ្អែម ធ្វើពី ស្ករត្នោត ឬ ស្ករអំពៅ ថែម បន្ទះខ្ញី រោយ ល្ងលីង ។ នៅ តំបន់ ខ្លះ នៃ ប្រទេស ខ្មែរ គេថែម ទឹក ខ្ទិះដូង មុន នឹង បរិភោគ ។ ទាំងអស់ នេះ សុទ្ធតែ ជា ធនធាន របស់ ខ្មែរ ជនជាតិ កំណើត ដើម លើ ទឹកដី ចេនឡា ។

ចំណែក នំម្សៅ ដែល គេ លុញ តូចៗ បណ្តែត ជាមួយ នំពងត្រី តែ គ្មានស្នូល គេ ហៅ ថា នំកូនត្រី។ អ្នកខ្លះ ដែល ចូលចិត្ត លើក​ បញ្ចើច ខ្លួន ថា ជា ជាតិចិន ចូលចិត្ត ហៅ នំកូនត្រី ថា ជា នំអ៊ី វិញ។ ខ្លះ ហៅ នំនេះ ថា បាញ់ចាយនឿក (banh chai nuoc) គឺជា ភាសា វៀតណាម ហៅ នំរបស់ខ្មែរ ( នៅ ពេល វៀតណាម ដណ្តើម យក ប្រទេស ខ្មែរ ក្រោម ចូល ក្រោម អំណាច របស់ខ្លួន បាន ហើយ ក៏ រៀប ចំ រំលាយ អ្វីៗ ដែលជា សម្បត្តិ របស់ខ្មែរ ចោល អោយ អស់ ពី ទឹកដី ខ្មែរក្រោម តួយ៉ាង ដូចជា​ គេ បំភ្លៃ ការរោយ ល្ងលីង លើ​ នំពងត្រី ទៅជា ការរោយ សណ្តែកដី លីង ទៅ លើនំ ជា ជំនួសវិញ ដើម្បី បំបែក អត្តសញ្ញាណ របស់ នំ នេះ អោយ ក្លាយ ទៅ ជា រចនាបថ ប្លែក មួយបែប ផ្សេង ទៀត របស់ ជាតិគេ ) 

មាន ខ្មែរយើង ខ្លះ ចូលចិត្ត បង្អួត បញ្ចេញ ខ្លួន ថា ជាជន ដែល ចេះ ភាសាបរទេស ច្រើន ឬ ចូលចិត្ត អែបអប បរទេស មិនសូវ ចូលចិត្ត ហៅ ឈ្មោះ នំ ជា ភាសាខ្មែរ ដើម កំណើត របស់ខ្លួន ទេ ចេះ តែ នាំគ្នា ហៅថា បាញ់ចាយនឿក ឬ នំអ៊ី ទៅវិញ។ ម៉្លោះហើយ ឈ្មោះ ដើមកំណើត របស់ នំ ដែល ជា របស់ ខ្មែរយើង ក៏ត្រូវ រលាយ បាត់បង់ទៅ ដោយ ឯកឯង ជាពិសេស នៅតាម ទីក្រុងធំៗ ដែល បរិបូណ៌ ទៅដោយ មនុស្ស ចំណូលថ្មី និង មនុស្ស ដែល ចូលចិត្ត ត្រង ទទួល វប្បធម៌ បរទេស ជំនួស វប្បធម៌ ឬសគល់ របស់ខ្លួន ។ 

អ្នកស្រី កែវ ច័ន្ទបូរណ៍

Saturday, March 3, 2012

ការ​វាស់​ពេល​វេលា​តាម​បែប​បុរាណ


កាល​ដើម​ឡើយ ខ្មែរ​យើង​ពុំ​ទាន់​មាន​វិធី ឬ​ឧបករណ៍​សម្រាប់​វាស់​ពេល (លម្អិត​ខ្លី) ដូច​គ្រា​បច្ចុប្បន្ន​ឡើយ ។ ហេតុ​នេះ​ ចាស់​បុរាណ លោក​កំណត់​ពេល​វែង​ខ្លី​តាម​រយៈ​ការ​បង្កើត​ពាក្យ​ផ្សេងៗ ហើយ​ពាក្យ​ខ្លះ នៅ​តែ​ប្រើ​រហូត​មក​ទល់​សព្វ​ថ្ងៃ ​មាន​ដូច​ជា ៖
  • យាម៖ ក្នុង​ ២៤ ម៉ោង លោក​ចែក​ជា ៦ ឬ ៨ យាម ក្នុង​មួយយាមៗ មាន​ប្រមាណ​ពី ៣ ម៉ោង ទៅ ៤ ម៉ោង ។ គេ​គិត​រាប់​យាម​១ ចាប់​ពី​ថ្ងៃ​រះ គិត​ជា​យាម​៣ ឬ​យាម ៤ នៅ​ពេល​ថ្ងៃ​លិច ។ ក្នុង​ ១ យប់ គិត​ជា ៤ យាម គឺ​ពី​ព្រលប់​គិត​ជា​យាម ៤... ដល់​ភ្លឺ គិត​ជា​យាម ៨ ។
  • ខួប៖ ការ​គិត​អាយុ​ក្មេង គេ​រាប់​ពី​ខែ ដែល​វា​កើត​ រហូត​មួយ​ជុំ ដល់​ថ្ងៃ​ដដែល​នេះ​វិញ គេ​ហៅ​ថា​មួយ​ខួប​គឺ​ត្រូវ​ជា ១២ ខែ ។ ឧ. បើ​ក្មេង​កើត​នៅ ថ្ងៃ ២ កើត ខែ​មាឃ..... លុះ​ដល់​វិល​មួយ​ជុំ​ខួប​មក​ដល់​ថ្ងៃ ២ កើត ខែ មាឃ នេះ គេ​សន្មត​ថា ក្មេង​នេះ អាយុ​បាន ១ ខួប​ហើយ ។ ការ​រាប់​ឆ្នាំកំណើត ខ្មែរ​យើង​មិន​គិត​តាម​ពុទ្ធ​សករាជ​ឬ​គ្រិស្តសករាជ​ទេ គឺ​កំណត់​តាម​ឆ្នាំ​ទាំង​ ១២ គឺ ឆ្នាំ​ជូត, ឆ្លូវ, ខាល, ថោះ, រោង, ម្សាញ់, មមី, មមែ, វក, រកា, ច, កុរ ។ ក្នុង​ ១ ជុំ ខួប​មាន ១២ ឆ្នាំ ... ។
  • មួយ​សន្ទុះ៖ គឺ​ជា​រយៈ​ពេល​ជា​កំណត់​មួយ អាច​ស្មាន​បាន​ប្រហែល​ជា ១ ម៉ោង ។ ឧ. ដើរ​បាន​មួយ​សន្ទុះ ក៏​ចូល​ដល់​ព្រៃ​ធំ​មួយ.... ។
  • មួយ​បោក៖ គឺ​ជា​រយៈ​ពេល​ជា​កំណត់​មួយ ប្រមាណ​ជា​កន្លះ​ម៉ោង ។ ឧ. ដេក​បាន​មួយ​បោក ភ្ញាក់​ឡើង​ភ្លឺ​ល្មម ។
  • មួយ​បារី៖ គឺ​ជា​រយៈ​ពេល​ប្រមាណ ១៥ នាទី ។ ឧ. ច្រក​ថ្នាំ​ចំនួន​ពេល​ ១ បារី អ្នក​ជំងឺ​ក៏​ដឹង​ខ្លួន​វិញ ។
  • មួយ​សាប​ស្លា៖ រយៈ​ពេល​ប្រហែល​ ២០ នាទី ។ ឧ. ចម្ងាយ​ផ្លូវ​ពី​ភូមិ​ ធ្លក​ទ្រេត​ទៅ ឈើ​ទាល​ជ្រំ គេ​ត្រូវ​ដើរ តែ​១ សាប​ស្លា ប៉ុណ្ណោះ នឹង​បាន​ទៅ​ដល់​ហើយ ។
ចំណាំ៖ ពេល​ ១ បារី គឺ​រយៈ​ពេល ដែល​គេ​ជក់​ថ្នាំ​អស់ ១ បារី ឯពេល​ ១ សាប​ស្លា គឺ​រយៈ​ពេល​ដែល​អ្នក​ស៊ី​ស្លា កំណត់​ថា​ស្លា​សាប​អស់​រស​ជាតិ​ ត្រូវ​ខ្ជាក់​ចោលកាក​ស្លា​ហើយ ។
  • មួយ​ស្រឡេត៖ គឺ​រយៈ​ពេល​ខ្លី ប្រមាណ ៥ ទៅ ១០ នាទី ។ ឧ. ធ្មេច​មួយ​ស្រឡេត​ទៅ ក៏​យល់​សប្តិ​ឃើញ​ដំរី​ដេញ... ។
  • មួយ​ភ្លែត៖ ស្មើ​នឹង​រយៈ​ពេល ៥ នាទី ។ ឧ. កុំ​តាម​ម៉ែ​អី ម៉ែ​ទៅ​តែ​មួយ​ភ្លែត​នឹង​វិល​មក​វិញ​ហើយ ។


ដកស្រង់ពី៖វីគីភីឌា

Friday, March 2, 2012

ចំណាត់ថ្នាក់ក្រុម:ក្រសួងនានានៅកម្ពុជា


ក្រសួង ស្ថាប័ន នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ទាំង​អស់​៣១៖
  • ទីស្តីការគណៈរដ្ឋមន្ត្រី
  • ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ
  • ក្រសួងពាណិជ្ជកម្ម
  • ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ
  • ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
  • ក្រសួងអប់រំ យុវជន និង កីឡា
  • ក្រសួងបរិស្ថាន
  • ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ
  • ក្រសួងសុខាភិបាល
  • ក្រសួងឧស្សហ៍កម្ម រ៉ែ និង ថាមពល
  • ក្រសួងព័ត៌មាន
  • ក្រសួងមហាផ្ទៃ
  • ក្រសួងយុត្តិធម៌
  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  • ក្រសួងការពារជាតិ
  • ក្រសួងទំនាក់ទំនងសភា និង អធិការកិច្ច
  • ក្រសួងផែនការ
  • ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍
  • ក្រសួងសាធារណការ និង ដឹកជញ្ជូន
  • ក្រសួងធម្មការ និង កិច្ចការសាសនា
  • ក្រសួងអភិវឌ្ឍន៍ជនបទ
  • ក្រសួងសង្គមកិច្ច ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និង យុវនីតិសម្បទា
  • ក្រសួងទេសចរណ៍
  • ក្រសួង​ធនធានទឹក និង ឧតុនិយម
  • ក្រសួងកិច្ចការនារី និង អតីតយុទ្ធជន
  • សាលាក្រុងភ្នំពេញ
  • រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ
  • រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
  • អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា(អ.អ.ប.គ.ព.)
  • បេសកកម្មអចិន្ត្រៃយ៍របស់ព្រះរាជាណាចក្រកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ