Wednesday, November 11, 2015

ចង្កៀងនិទានរឿងខ្មោច

យប់​មួយ​នៅ​គុក​ទួល​ស្លែង មាន​ការ​ប្រលង​និយាយ​រឿង​ខ្មោច ដណ្ដើម​ជ័យ​លាភី​ទឹក​ប្រាក់១០០០០០រៀល។ ចង្កៀង​និទាន​រឿងខ្មោច ជា​ឈ្មោះ​កម្មវិធី​នេះ ដែល​អ្នក​ផ្តើម​គំនិត​គឺ លោក​ចក់។ ពេល អ្នក​សម្រប​សម្រួល​អញ្ជើញ​ឲ្យ​មាន​ប្រសាសន៍​បើក​កម្មវិធី ក្នុង​ទឹក​មុខ​ ដ៏​ស្វាហាប់ លោក​ចក់ មាន​ប្រសាសន៍​មួយៗ ស្តាប់​ទៅ​សែន​តឹង​ទ្រូង «ជា​បឋម ខ្ញុំ​សូម​អរគុណ​អ្នក​សម្រប​សម្រួល ដែល​បាន​ឲ្យ​ខ្ញុំ​និយាយ បើក​កម្មវិធី និង​សូម​អរគុណ​បង​ប្អូន​កូន​ក្មួយ ជា​ពិសេស​នាង​កញ្ញា ទាំង​អស់ ហើយ​និង​កូន​ក្មេង​តូចៗ និង​ជា​ពិសេស​បេក្ខជន​ប្រលងទាំង​ឡាយ ដែល​បាន​មាន​វត្តមាន​នៅ​ទីកន្លែង​នេះ។ ជា​ដំបូង ​ខ្ញុំ​សូម​ជម្រាប​សួរ ​លោកប៊ុត ប្រធាន​ផ្នែក​អនាម័យ​ប្រចាំ​នៅ​គុក​ទួល​ស្លែង​ ជា​ទី​គោរព​ ដែល​លោក​បាន​ជួយ​ជ្រោម​ជ្រែង រៀប​ចំ​កន្លែង​​ដ៏​សម​គួរ​សម្រាប់​កម្មវិធី​នេះ។ បន្ត​ទៀត​ខ្ញុំ​សូម​ជម្រាប​សួរ​ លោក​សារ៉ាក់​ នាយក​គ្រប់​គ្រង​ខាង​ប្រព័ន្ធ​អគ្គិសនី​ប្រចាំ​គុក​ទួល​ស្លែង ដែល​លោក​បាន​សហការ​យ៉ាង​ហ្មត់ចត់​ជាមួយ​យើង​ខ្ញុំ ដោយ​ធ្វើ​ការ​កាច់​ប៉ារ៉ែត បិទ​ភ្លើង​អគ្គិសនី​ឲ្យ​ងងឹត បង្កើត​បរិយាកាស​ដ៏​ព្រឺ​ព្រួច​សម្រាប់​ពេល​នេះ…»
និយាយ​ដល់​ត្រឹម​នេះ លោកចក់ គាត់ផ្អាក​អស់​មួយ​ស្របក់ ទុក​ឲ្យអ្នក​ចូល​រួម​ទាំង​ឡាយ​បាន​សម្លឹង​មើល​ជុំ​វិញ​ខ្លួន ហើយ​ម្នាក់​ៗ​ឡើង​ព្រឺ​ក្បាល ព្រោះ​ទី​នោះ​ងងឹត​ឈឹង មាន​តែ​ពន្លឺ​ចង្កៀង​ប្រេង​កាត​ពីរ មួយ​ដាក់​នៅ​កន្លែង​អ្នក​សម្រប​សម្រួល មួយ​ទៀត​ដាក់​នៅ​ពី​មុខលោក​ចក់ ដែល​កំពុង​និយាយ​។ មិន​តែ​ប៉ុណ្ណោះ​មាន​ក្បាល​ខ្មោច​ជ័រ​ចង​ព្យួរ​ឲ្យហោះ​ទៅ​ហោះ​មក​តាម​ខ្យល់​ បក់ ល្មម​នឹង​ធ្វើ​ឲ្យម្នាក់​ៗ​ញ័រ​ស្ទើរ​អង្គុយ​មិន​ជាប់​កៅអី​ទៅ​ហើយ។ អ្នក​ចូល​រួម​នៅ​ពេល​នោះ​ មាន​ប្រហែល​​ជា​ម្ភៃ​នាក់ ដែល​សុទ្ធ​​សឹង​ជា​អ្នក​ចូល​ចិត្ត​ស្តាប់​រឿង​ខ្មោច ខំ​ទិញ​សំបុត្រចូល​រួម ដែល​សំបុត្រ​មួយ​មាន​តម្លៃ ២០០០​រៀល។
លោកចក់​ក៏​បន្ត​ទៀត «សូម​ជម្រាប​សួរ​ផង​ដែរ​ដល់​ លោកស៊ុនលី មេ​ក្រុម​សន្តិសុខ ដែល​លះ​បង់​ពេល​វេលា​ជួយ​ឈរ​ការពារ​ខ្មោច​ព្រាយ​​បិសាច មិន​ឲ្យ​មក​រំខាន​អុក​ឡុក​កម្មវិធី។ ត​មក​ទៀត​ សូម​​ជម្រាប​សួរ​​លោក​យាយ​លោក​តា​ទាំង​អស់​ជា​ទី​គោរព សូម​ជម្រាប​សួរ​បង​ប្អូន​កូន​​ក្មួយ​ទាំង​ឡាយ​ជា​ទី​ស្រលាញ់​រាប់​អាន ជា​ពិសេស​សូម​ជម្រាប​សួរ​​បេក្ខជន ដែល​បាន​ចុះ​ឈ្មោះ​ប្រលង​និយាយ​រឿង​ខ្មោច ហើយ​ជាពិសេស​ជាង​នេះ​ទៅ​ទៀត​ សូម​ជម្រាប​សួរ​ដល់​បង​ប្អូន​ដែល​កំពុង​អង្គុយ​នៅ​ខាង​ក្រោយ ស្តាប់​ខ្ញុំ​មិន​សូវ​ឮ។ ជា​ចុង​ក្រោយ និងជា​ពិសេសបំផុត​សូម​ជម្រាប​សួរ​គណៈ​មេ​ប្រយោគ​ទាំង​អស់ ដែល​កំពុង​អង្គុយ​នៅតុ​ជាមួយ​នឹង​ខ្ញុំ​ដែរ​នេះ ដូច​ជា ​លោក​ផាន លោកស្រី ស្រីពៅ និងលោក​គណៈ​មេប្រយោគ​ចុង​ក្រោយ​ម្នាក់​ទៀត ​គឺ​ខ្ញុំ​ឈ្មោះ ចក់។ ជា​​ពិសេស​​ខ្ញុំ​មិន​ភ្លេច​ទេ គឺ​ខ្ញុំ​សូម​ជម្រាប​សួរ​ដល់​ព្រលឹង​ខ្មោច​ទាំង​អស់​​ដែល​បាន​​ស្លាប់​នៅ​ ក្នុងគុក​នេះ ដែល​ជា​ទី​គោរព និង​ជា​ទី… ជា​ទី…»
កំពុង​តែ​រក​នឹក​ពាក្យ​និយាយ​មិន​ឃើញ អ្នក​អង្គុយ​ស្តាប់​ប៉ុន្មាន​​នាក់​ក៏​ស្រែក​ឡើង «ល្មម​ឈប់​ជម្រាប​សួរ​ហើយ! កុំ​ស៊ី​ម៉ោង​ច្រើន​ពេក! ចូល​កម្មវិធី​ទៅ! នៅ​តែ​ជា​ពិសេស ជា​ពិសេស​រហូត​ហ្នឹង ថ្មើរ​ណា​បាន​​ស្តាប់​រឿង​ខ្មោច? ពួកយើង​ទិញ​សំបុត្រ​មក​ស្តាប់​រឿង​ខ្មោច មិន​មែន​ចង់​ស្តាប់​គេ​ជម្រាប​សួរ​គ្នា​ទេ!»
ឮ​បែប​នេះ ​លោកចក់ ក៏​ស្ងាត់​មាត់ រួច​អ្នក​សម្រប​សម្រួល​កម្មវិធី​ក៏​​និយាយ​ឡើង «ខ្ញុំ​សូម​ជម្រាប​សួរ​លោកយាយ​លោក​តា អ៊ំ​ពូ​មីង បង​ប្អូន​តូច​ៗ​ជា​ថ្មី…»
«ចូល​កម្មវិធី​ទៅ! នៅ​គួរ​សម​បែប​ហ្នឹង ដល់​ភ្លឺ​មិន​ទាន់​ចូល​កម្មវិធី​​បាន​ផង!»​ សំឡេងអ្នក​ចូលរួមស្រែក។
អ្នកសម្របសម្រួលធ្វើ​មុខ​ភ្លឹះៗ មើល​ទៅ​ក្រដាស ​ដែល​ខ្លួន​​សរសេរ​ទុក​អាន គិត​មិន​ទាន់​ឃើញ​ត្រូវ​អាន​រំលង​កន្លែង​ណា ឯ​អ្នក​ចូល​រួម​ចេះ​តែ​ស្រែក​ឲ្យ​ចូល​កម្មវិធី ធ្វើឲ្យ​អ្នក​សម្រប​សម្រួល​នោះ​ឡើង​​វង្វេង។ តែ​បន្ទាប់​មក​គេ​ក៏​ញាត់​ក្រដាស​ទៅ​ក្នុង​ហោប៉ៅខោ ហើយ​​តាំង​ចិត្ត​និយាយ​ដោយ​មិន​បាច់​អាន​ថា «អ៊ីចឹង​ចូលកម្មវិធី​ប្រលង តែ​ពេល​នេះ​បេក្ខជន​យើង​មាន​ចំនួន​តែពីរ​នាក់​ទេ ហេតុ​នេះ​បើ​បង​ប្អូន​ទាំង​អស់​នៅ​ទី​នេះចង់​ចូល​រួមប្រលង យើង​ខ្ញុំ​នឹង​ចាប់​ទទួល​ចុះ​ឈ្មោះ​បន្ថែម… ពីពេល​នេះ​ទៅ។ …តែ​ដើម្បី​កុំ​ឲ្យ​បង​ប្អូន​ទន្ទឹងរង់​ចាំ​យូរ​ ខ្ញុំ​សូម​អញ្ជើញ​ លោក​សំរឹត ជា​បេក្ខជន​ទី​មួយ ឡើង​មក​និយាយ​រឿង​មួយ​មាន​ចំណង​​​ជើង​ថា “ទេសចរណ៍​ស្ថាន​នរក” ហើយ​សូម​ជម្រាប​ថា អ្នក​ចូល​រួម​ទាំង​អស់​មាន​សិទ្ធិ​ឲ្យ​ពិន្ទុ​ដល់​បេក្ខជន​យើង​ដែរ ចៀស​វាង​ដើរ​និយាយ​ដើម​ថា គណៈ​មេ​ប្រយោគ​យើង​ហ្នឹង​ស៊ី​សំណូក។ អ៊ីចឹង​ទេ​សូម​បង​ប្អូន​យក​ចិត្ត​ទុក​ដាក់​ស្តាប់ ហើយ​គិត​ថា តើ​រឿង​ណា​ស្តាប់​​ទៅ​គួរ​ឲ្យ​ខ្លាច​ជាង​គេ… ពឹង​តែ​លើ​គណៈ​កម្មការ​ក៏​មិន​កើត​ដែរ ព្រោះ​​ដូច​ជា​បេក្ខជន​ទី​មួយ​នេះ គឺ​ជា​កូន​ប្រុស​ លោកចក់ បង្កើត… បាទ! អ៊ីចឹង​ដល់​ពេល​ហើយ លោកសំរឹត ឡើង​មក​ឈរ​និយាយ​នៅ​កន្លែង​ខ្ញុំ​នេះ​មក៍ ហើយ​សូម​ទះ​ដៃ​ជូន​គាត់​មួយ​ផង!»
សំឡេង​ទះ​ដៃ​ឮ​រប៉េះ​រប៉ោះ រួច​គ្រប់​គ្នា​ក៏​ផ្តោត​ភ្នែក​ទៅ ​សំរឹត ជា​​បេក្ខជន​និយាយ​រឿង​ខ្មោច​មុន​គេ ដែល​មាន​រាង​ស្គម មុខ​ស្រួច មាត់​ក៏​ស្រួច​ដែរ ហើយ​រឿង​របស់​គេ​នោះ​គឺៈ
រឿង ទេសចរណ៍ស្ថាននរក
(-៣៣៣) គឺ​ជា​លេខ​កូដ​ទូរស័ព្ទ ដែល​ហៅ​មក​ខ្ញុំ​នៅ​យប់​មួយ។ សំឡេង​ដ៏​ស្រួយ​ស្រែស​របស់​នារី​ម្នាក់​ឧទាន​ឡើង «ជម្រាប​សួរ! នាង​ខ្ញុំ​ទូរស័ព្ទ​ពី​ស្ថាន​នរក ដើម្បី​អញ្ជើញ​លោ​ក​មក​ចូល​រួម​ដំណើរ​ទេសចរណ៍​​នៅ​ស្ថាន​យើង​ខ្ញុំ។ លោក​មិន​បាច់​ភ្ញាក់​ផ្អើល​អី​ទេ ហើយ​ក៏​មិន​បាច់​រៀប​​ចំ​អីវ៉ាន់​អី​ដែរ។ បន្តិច​ទៀត​នឹង​មាន​ក្រុម​ការងារ​នៃ​ក្រសួង​ទេសចរណ៍​យើង​ខ្ញុំ​ទៅ​ទទួល​យក​ ព្រលឹង​របស់​លោក​ហើយ។ ខាង​ស្ថាន​នរក​យើង​​នឹង​រ៉ាប់​រង​ចំពោះ​ថ្លៃ​ធ្វើ​ដំណើរ ការ​ស្នាក់​នៅ និង​ការ​ហូប​ចុក ដោយ​មិន​ឲ្យ​​​លោក​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​ឡើយ។ ឥឡូវ​សូម​លោក​ចូល​សម្រាន្ត​​​តាម​ធម្មតា​ចុះ ហើយ​កុំ​ប្រាប់​នរណា​ពី​រឿង​នេះ​ឲ្យ​សោះ បើ​​មិន​ដូច្នេះ​យើង​ខ្ញុំ​នឹង​លុប​ចោល​ការ​អញ្ជើញ​នេះ។ ជម្រាប​លា!»
«អេ!…»
ប្រញាប់​ដល់​ហើយ! នារី​ខ្មោច​ម្នាក់​នេះ​និយាយ​លឿន​ដូច​ម៉ាស៊ីន ហើយ​អត់​ទុក​ឱកាស​ឲ្យ​ខ្ញុំ​បាន​សួរ​ឆ្លើយ​ឆ្លង​អី​សោះ។ គិត​ម៉េច​អ៊ីចេះ មាន​គេ​អញ្ជើញ​ទៅ​ទេសចរណ៍​ស្ថាន​នរក​បែប​នេះ?
វា​ជា​ដំណើរ​ទេសចរណ៍​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ។ ម៉ោង​១២ រំលង​អធ្រាត្រ​ក៏​មាន​សេនា​ខ្មោច​ពីរ​នាក់ ​មក​ហៅ​ព្រលឹង​ខ្ញុំ​ចេញ​ពី​ខ្លួន អញ្ជើញ​ខ្ញុំ​ទៅ​ជិះ​រថភ្លើង​ក្រោម​ដី​មួយ​ដ៏​ទំនើប។ នៅ​ទី​នោះ ខ្ញុំ​ឃើញ​​មនុស្ស​ប្រហែល​ដប់​នាក់។
«អ្នក​ធ្លាប់​ទៅ​លេង​ស្ថាន​នរក​ទេ?» ជា​សំណួរ​របស់​បុរស​ចំណាស់​ម្នាក់​​សួរ​ទៅ​អ្នក​ដែល​អង្គុយ​ក្បែរ ខណៈ​ដែល​រថភ្លើង​ចេញ​ដំណើរ។
ស្ត្រី​ម្នាក់​នោះ​ឆ្លើយ​តប​ថា «ជា​លើក​ទី​មួយ​ហើយ! ឮ​ថា​មិន​ងាយ​បាន​ទៅ​លេង​ទេ​ណា៎! មុន​នេះ​គ្រាន់​តែ​ឮ​គេ​ទូរស័ព្ទ​ប្រាប់ ខ្ញុំ​រំភើប​ទាល់​តែ​​​សន្លប់ គ្មាន​បាន​ផ្តាំ​ផ្ញើ​កូន​ចៅ​អី​ទេ!»
«រួច​ដឹង​ថា​ហេតុ​អី​គេ​អញ្ជើញ​ពួក​យើង​ទៅ​ទេ?»
«ឮ​ថា​គេ​ចង់​ជូន​រង្វាន់​ដល់​មនុស្ស​ល្អ​ៗ​ ឲ្យ​បាន​ទស្សនា​ស្ថាន​នរក ព្រោះ​ដល់​យើង​ស្លាប់ គឺ​ហោះ​​ទៅ​ស្ថាន​សួគ៌តែ​ម្ដង មិន​បាន​ចូល​លេង​ស្ថាន​នរក​ទេ។»
«ចុះ​ទៅ​លេង​យូរ​អត់? ខ្ញុំ​ត្រូវ​មើល​ថែ​ជំងឺ​អ្នក​ម្តាយ​ជរា​របស់​ខ្ញុំ​ផង!»
«មិន​អី​ទេ! យ៉ាង​យូរ​មួយ​យប់​ប៉ុណ្ណោះ។ ភ្ញាក់​ឡើង​យើង​នៅ​គេង​លើ​គ្រែ​ក្នុង​ផ្ទះ​យើង​វិញ​ហើយ។ ខ្ញុំ​ក៏​ប្រញាប់​ទៅ​ធ្វើ​បុណ្យ​វិញ​ដែរ ព្រោះ​ស្អែក​ត្រូវ​ចុះ​ទៅ​ចែក​អំណោយ​ ដល់​កុមារ​កំព្រា​នៅ​ឯ​ជាយ​ក្រុង​​ផង។»
រថភ្លើង​បរ​ទៅ​មុខ​គ្មាន​ឈប់​ កាត់​ក្រោម​ដី​ដ៏​ងងឹត​ឈឹង រួច​ក៏​ឈប់​​នៅ​ចំណត​ស្ថាន​នរក។ សំឡេង​មួយ​បាន​បន្លឺ​ឡើង​ចេញ​ពី​មេក្រូ «សូម​​​អញ្ជើញ​អស់លោក លោក​ស្រី នាង​កញ្ញា​ទាំង​អស់​ចុះ​ពី​រថភ្លើង! ខណៈ​​នេះ​ លោក​អ្នក​បាន​មក​ដល់​ស្ថាន​នរក​ហើយ! យើង​ខ្ញុំ​សូម​ស្វាគមន៍​​ដំណើរ​ទេសចរណ៍​របស់​អស់​លោក!»
«Ladies and gentlemen…»​​ ជា​សំឡេង​ភាសា​អង់គ្លេស​ផ្ទួន​អត្ថន័យ។
ពួក​យើង​ក៏​នាំ​គ្នា​ចុះ​ពី​លើ​រថភ្លើង រួច​ឃើញ​ខ្មោច​ជា​ច្រើន​ស្លៀក​ពាក់​​​ស្អាត​បាត ឈរ​តម្រៀប​គ្នា​ញញឹម​ទទួល​ពួក​យើង។ នារី​ខ្មោច​ម្នាក់​ទំនង​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍ បាន​បន្លឺ​ណែ​នាំ​ដល់​ក្រុម​ទេសចរ​យើង​​ឲ្យ​ស្គាល់​លោក​អភិបាល​ក្រុង  «នេះ​គឺ​ជា​លោក​អភិបាល​ក្រុង​នរក​របស់​​យើង ដែល​លោក​បាន​អញ្ជើញ​មក​ស្វាគមន៍​ដំណើរ​របស់​អស់​លោក​​អ្នក​ទាំង​អស់​គ្នា!»
ខ្ញុំ​ងាក​ទៅ​តាម​ដៃ​របស់​ម្ចាស់​សំឡេង ក៏​ឃើញ​បុរស​ចំណាស់​ម្នាក់​ ស្លៀក​ពាក់​បុរាណ​ចង​ក្បិន កំពុង​ញញឹម​ពព្រាយ​មក​កាន់​ពួក​យើង។ លោក​អភិបាល​បាន​មាន​ប្រសាសន៍​ថា «តាំង​នាម​ខ្ញុំ​ជា​អភិបាល​ក្រុង​នរក សូម​ស្វាគមន៍​ភ្ញៀវ​មនុស្ស​ទាំង​ដប់​រូប។ ក្រសួង​ទេសចរណ៍​ស្ថាន​​នរក​យើង​បាន​គ្រោង​រៀប​ចំ​ដំណើរ​កម្សាន្ត សម្រាប់​មនុស្ស​ល្អ​ជិត​​១០០០​ឆ្នាំ​​មក​ហើយ ហើយ​ថ្ងៃ​នេះ​លោក​អ្នក​គឺ​ជា​ភ្ញៀវ​មនុស្ស​ល្អ​ជំនាន់​ទី​១​នៃ​ស្ថាន​យើង។»
សំឡេង​ទះ​ដៃ​លាន់​រំពង​ស្ទើរ​ពេញ​ស្ថាន​នរក ហើយ​បន្ទាប់​មក​មនុស្ស​ម្នាក់​ៗ ​ក៏​ទទួល​បាន​នូវ​កាលវិភាគ​នៃ​ដំណើរ​កម្សាន្ត​ជាមួយ​នឹង​​ចិត្ត​ដ៏សែន​ រំភើប…
និយាយ​ដល់​ត្រឹម​នេះ សំរឹត​ ស្ងាត់​ច្រៀប​ ធ្វើ​ឲ្យ​អ្នក​ស្តាប់​ស្រែក​​ឡើង «រួច​វា​យ៉ាង​ម៉េច​ទៀត?»
សំរឹត​ ងាក​ទៅ​រក ​លោក​ចក់​ ជា​ឪពុក ទាំង​ពោល​ថា «ចង់​ដឹង​ម៉េច​​ទៀត​សួរ​គាត់​ទៅ!»
«រួច​ចុះ​ក្រែង​យើង​ហ្នឹង​ ជា​អ្នក​ប្រលង​និយាយ​រឿង​ខ្មោច​អេះ ឲ្យ​​ទៅ​សួរ​ឪ​យ៉ាង​ម៉េច?» អ្នក​ស្តាប់​ម្នាក់​ស្រែក​ឲ្យ​គេ។
សំរឹត​ ក៏​ឆ្លើយ​ទាំង​ទឹក​មុខ​ក្រម៉ូវ​ថា «បើ​យល់​សប្តិ​ដល់​ត្រង់​ហ្នឹង​ ឪ​ស្រាប់​តែ​ដាស់​ឲ្យ​ជូន​គាត់​ទៅ​បង្គន់!…»
លោកចក់​ ធ្វើ​មុខ​អេះ​អុញ ព្រោះ​បាក់​មុខ​ដែល​គាត់​ខ្លាច​ខ្មោច មិន​ហ៊ាន​ក្រោក​ទៅ​បង្គន់​ពេល​យប់​តែ​ឯង។ ឯ​អ្នក​ស្តាប់​គ្រប់​គ្នា​ក៏​គ្រវី​ក្បាល​ហួស​ចិត្ត ព្រោះ​រឿង​ខ្មោច​នេះ​គ្មាន​អី​គួរ​ឲ្យ​ខ្លាច​ហើយ ថែម​ទាំង​​និយាយ​មិន​ចប់​ចុង​ចប់​ដើម​ទៀត រួចពេល​នោះ ​ក៏​មាន​ម្នាក់​ស្រែក​ខ្លាំង​ៗ «ណ្ហើយ! បើ​ឪ​ដាស់​ឲ្យ​ភ្ញាក់​ហើយ ទុក​ឲ្យ​អ្នក​ផ្សេង​ទៀត​និយាយ​ម្ដង! ហើយ​រង្វាន់​រឿង​នេះ​ចាំ​យល់​សប្តិ​ទៅ​យក​នៅ​ស្ថាន​នរក​ទៅ!»
អ្នក​សម្រប​សម្រួល​ ក៏​ដើរ​មក​កន្លែង​និយាយ​រឿង​ ផ្លាស់សំរឹត ទាំង​​បន្លឺ​ថា «សូម​អរគុណ​ចំពោះ​បេក្ខជន​ទី​មួយ ហើយ​សូម​បង​ប្អូន​អ្នក​ស្តាប់​​ទាំង​អស់​កុំ​ទាន់​អាល​ខឹង ព្រោះ​រឿងអំ​មិញ​ជាប់​ឬ​មិន​ជាប់​ស្រេច​តែ​លើ​​បង​​ប្អូន​ឲ្យ​ពិន្ទុ។ តែ​ជា​បន្ត​ទៀត​នេះ ធានា​ថា​បង​ប្អូន​ពិត​ជា​ពេញ​ចិត្ត​ ព្រម​ទាំង​ព្រឺ​ឡើង​បះ​សក់​ក្បាល​មិន​ខាន! អ៊ីចឹង សូម​ស្នូរ​ទះ​ដៃ​ឲ្យ​លោក​ស្រឿន ជា​បេក្ខជន​ទី​២ ឡើង​មក​និយាយ​រឿង​ដ៏​រន្ធត់​មួយ​​មាន​​ចំណង​ជើង​ថា “កូន​ខ្មោច​នាង​ណាត” សូម​អញ្ជើញ​បាទ!»
នាយ​កំលោះ​ឈ្មោះ ស្រឿន សក់​កាត់​ខ្លី​លាប​ប្រេង​ឡើង​រលោង​​ ស្លៀក​ពាក់​ទីនុយ​យ៉ាង​ឡូយ ដើរ​ទៅ​កាន់​ពន្លឺ​ចង្កៀង​និទាន​រឿង​ខ្មោច​ ហើយ​ចេះ​និយាយ​បើក​ឆាក​បាន​គួរ​សម «ខ្ញុំ​បាទ​សូម​លំឱន​កាយ​ សំពះ​​​ជម្រាប​សួរ​ ពុក​ម៉ែ ​បង​ប្អូន​ទាំង​អស់​ជា​ទី​គោរព​ និង​ជ្រាល​​ជ្រៅ​បំផុត​អំពី​រូប​ខ្ញុំ​បាទ ហើយ​ខ្ញុំ​បាទ​ក៏​សូម​គោរព​ និងជម្រាប​សួរ​​ដល់​បង​អ្នក​សម្រប​សម្រួល​កម្មវិធី និង​ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​ គឺ​​លោក​​គណៈកម្មការ ដែល​ផ្តល់​ពិន្ទុ​ដ៏​សុក្រឹត​យុត្តិធម៌​ឲ្យ​ខ្ញុំ​បាទ ហើយ​​ជា​ពិសេស​ជាង​គេ​មែន​ទែន​នោះ គឺ​សូម​គោរព​បង​ប្អូន​អ្នក​ស្តាប់​ម្តង​​ទៀត ព្រោះ​បង​ប្អូន​ក៏​ជា​គណៈ​មេ​ប្រយោគ​សំខាន់​ ដែល​ឲ្យ​ពិន្ទុ​ដល់​ខ្ញុំ​ដែរ។ ហេតុ​នេះ ​សូម​អស់​លោក​អ្នក​នាង​កញ្ញា​ប្រណី និងទទួល​ជ្រាប!»
ស្រឿន​ ផ្អាក​ដក​ដង្ហើម​សិន រី​ឯ​អ្នក​ស្តាប់​ទាំង​អស់​គិត​តែ​ក្នុង​ចិត្ត​គ្រប់​គ្នា​ថា ម្នាក់នេះ​ចេញ​មក​ស្ទីល​តាប៉ែ​ដូច​ លោក​ចក់ អ៊ីចឹង ហើយ​​និយាយ​ស្តី​ពុក​រលួយ​សុំ​ពិន្ទុ​គេ​តែ​ម្តង។ តែ​ចាំ​មើល​ៗ បើ​និយាយ​រឿង​​ស្តាប់​ទៅ​មិន​ខ្លាច ចាំ​តែ​ឲ្យ​ពិន្ទុ​តើ។
ស្រឿន​ចាប់​ផ្តើម​បន្ត​ទៀត​ថា «ស្ថិត​ក្នុង​បរិយាកាស​ដ៏​មនោរម​នេះ​​​​ផង​ដែរ…» គេ​អាក់​ស្ងៀម​បន្តិច ទើប​និយាយ​ម្តង​ទៀត «ស្ថិត​ក្នុង​​បរិយាកាស​​ដ៏​ព្រឺព្រួច​នេះ​ផង​ដែរ ខ្ញុំ​បាទ ស្រឿន សូម​លើក​រឿង​មួយ​​មាន​​ចំណង​ជើង​ថា “កូន​ខ្មោច​នាង​ណាត” ដើម្បី​និយាយ​ឲ្យ​​មា​មីង​បង​ប្អូន​​រីករាយ… អូ! សូម​ទោស ដើម្បី​ឲ្យ​ខ្លាច​ព្រឺ​សម្បុរ​គីង្គក់។ សូម​អញ្ជើញស្ដាប់ដូច​ត​ទៅ!»
រឿង កូនខ្មោចនាងណាត
គ្រាន់​តែ ​នាង​ណាត ​ស្លាប់​ភ្លាម  អ្នក​ភូមិ​ចាស់​ក្មេង​ភ័យ​ឡើង​ញ័រ​​​ ព្រោះ​តែ​នាង​ស្លាប់​ដោយ​គ្មាន​អាចារ្យ។ សំឡេង​ស្មូត្រ​ដ៏​គួរ​ឲ្យ​ព្រឺ​សង្វេគ​​ឮ​ជាប់​ក្រដាស​ត្រចៀក នាយសិដ្ឋ។ នាយ​ម្នាក់​នេះ​អាយុ​ធ្វើ​ប្តី​គេ​បាន​​ហើយ តែ​ខ្លាច​ខ្មោច​មិន​ចាញ់​កូន​ក្មេង​តូច​ៗ​ទេ។ នាយសិដ្ឋ ដេក​រមួល​ខ្លួន​នឹង​ភួយ ទុក​តែ​ក្បាល​ប៉ុណ្ណោះ ព្រោះ​បើ​គ្រប​ទាំង​ក្បាល​ទៅ ខ្លាច​ខ្លួន​ឯង​ដូច​ខ្មោច​ពេក។ នាយ​ខ្លាច​បំផុត​គឺ​ចុង​ជើង ខ្លាច​ក្រែង​មាន​​ម្រាម​ដៃ​ត្រជាក់​មក​ចាប់​ទាញ​យក​ទៅ។ ព្រោះ​តែ​ខ្លាច​ពេក នាយ​មិន​​ហ៊ាន​​បិទ​ភ្នែក​ទេ ភ័យ​ខ្លាច​មាន​ព្រលឹង​ខ្មោច​មក​អង្គុយ​ក្បែរ។ ព្រលឹង​នាយ​នៅ​តែ​កញ្ចឹង​ក បេះដូង​លោត​មិន​ឈប់។ គ្រាន់​តែ​ខ្យល់​បក់​ឮ​សូរ​វូ នាយ​ព្រឺ ​រឹង​គុម្ព​ត្រចៀក គ្រាន់​តែ​សត្វ​កណ្ដុរ​រត់​កាត់ នាយ​ភ័យ​រណ្ដំ​ថ្គាម។
«អា​កណ្ដុរ​អស់​ហ្នឹង​វា​មិន​ចេះ​ខ្លាច​ខ្មោច​សោះ អាង​តែ​វា​ជា​សត្វ ខ្មោច​មិន​លង​ឬ​យ៉ាង​ម៉េច? ឬ​ក៏​វា​ខ្លាច​តែ​ខ្មោច​កណ្ដុរ​គ្នា​វា? ចាំ​មើល​​ដល់​មាន​កណ្ដុរ​គ្នា​អ្ហែង​ងាប់ គង់​នឹង​ដល់​វេន​អ្ហែង​ម្តង​ទេ! ពេល​នោះ​អញ​ក៏​មិន​ខ្លាច​ដែរ អា​ព្រលឹង​ខ្មោច​កណ្ដុរ​នោះ!… អញ​មុខ​តែ​អង្គុយ​​មើល​វា​លង​ ធ្វើ​មិន​ដឹង​មិន​ខាន។ ប៉ុន្តែ​ខ្មោច​មនុស្ស​មិន​ខ្លាច​ម្តេច​នឹង​បាន? បើ​ស្លៀក​ស ពាក់​ស ទម្លាក់​សក់​ឲ្យ​ធ្លាក់​អន្លាយ​មិន​ព្រម​ចង រួច​​តាំង​ភ្នែក​ខ្មៅ​ជាំ និយាយ​សំឡេង​ល្វើយ​ៗ​ ទាំង​មិន​បាច់​ហើប​មាត់។ ខ្លាច​ជាង​គេ​គឺ​ខ្មោច​ស្រី​ដូច​ជា ​ខ្មោច​នាងណាត នេះ… ធ្លាប់​ស្គាល់​​មនុស្ស​កាល​ពី​នៅ​រស់​ច្បាស់ ហើយ​មុខ​ហ្នឹង​បើ​ក្លាយ​ជា​ខ្មោច មុខ​តែ​​គួរ​ឲ្យ​ខ្លាច​ស្លាប់​ហើយ។ យី! ឆ្កួត​មែន! នឹក​ឈ្មោះ​ នាងណាត ធ្វើ​អី? ត្រូវ​តែ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ នឹក​ឃើញ​ពី​មនុស្ស​ស្រី​ស្អាត​ៗ​វិញ នឹង​លែង​នឹក​ឃើញ​មុខ​ខ្មោច​ហើយ!»
គិត​បណ្ដើរ  នាយ​ខំ​ធ្វើ​ចិត្ត​មិន​ខ្លាច​ខ្មោច​បណ្ដើរ  តែ​ធ្វើ​អី​បាន នៅ​​តែ​​ស្រមៃឃើញ​មុខ ​ខ្មោចនាងណាត រហូត។ នាយសិដ្ឋ ដេក​ក្នុង​ផ្ទះ​តែ​ម្នាក់​ឯង ព្រោះ​ឪពុក​ម្តាយ​ និងប្អូន​ស្រី​ទៅ​បុណ្យ​នៅ​ខេត្ត​ផ្សេង​ ទាល់​តែ​​ស្អែក​ទើប​ត្រឡប់​មក​វិញ។ តាម​ពិត​មនុស្ស​ខ្លាច​ខ្មោច​អ៊ីចឹង​ មិន​ដែល​ត្រូវ​​ខ្មោច​លង​ម្តង​ណា​ទេ ឯ​រូប​រាង​ខ្មោច​ដែល​ចេះ​តែ​ស្រមៃ​ឃើញ​នោះ សុទ្ធ​តែ​ធ្លាប់​ឃើញ​ក្នុង​រឿង​កុន​តែ​ទាំង​អស់​ហ្នឹង។
ស្អែក​ឡើង​ នាយសិដ្ឋ​ដើរ​ទៅ​ចម្ការ កាត់​ពី​មុខ​ខ្ទម​ ខ្មោចនាង​ណាត ជា​ខ្ទម​ដ៏​កម្សត់​ មាន​ព្យួរ​ទង់​ពណ៌​ស​នៅ​ពី​មុខ។ ដោយ​ម្តុំ​នោះ​ស្ងាត់​ផង នាយសិដ្ឋ​ខ្លាច​ខ្មោច​ទាំង​ថ្ងៃ​ភ្លឺ​ចែស ក៏​រត់​ត្រុយ​ទៅ​ចម្ការ​របស់​ខ្លួន។ ឱ! អា​ល្បង​នេះ​ខ្លាច​ខ្មោច​ពេក​ អត់​បាន​មក​ជួយ​ហែ​ខ្មោច ក៏​អត់​ដឹង​ថា​ សពនាងណាត ត្រូវ​ គេ​ហែយក​មក​ កប់​នៅ​ដី​ក្បែរ​ចម្ការ​របស់​ខ្លួន​សោះ។ នាយ​យើង​ខំ​កាប់​ឆាយ​ដី​ធ្វើ​រង​ដំឡូង តែ​ដល់​ឮ​សំឡេង​ដើម​ឫស្សី​សង្កៀត​គ្នា​លាន់ង៉េតង៉តៗមិន​ឈប់ ដើម​ទ្រូង​នាយ​ក៏​ចាប់​ផ្តើម​ញ័រ។ នាយ​ឈរ​កាន់​ចប​ធ្មឹង ហើយ​រំពេច​នោះ​ស្រាប់​តែ​ឮ​សំឡេង​មនុស្ស​ស្រី​​យំ​ល្វើយៗ។ មិន​ចាំ​បាច់​គិត​អី​ទេ នាយសិដ្ឋ ទម្លាក់​ចប​ចោល​រត់​វឹង។ អូ! រត់​វង្វេង​ផ្លូវ​ទៅ​ឃើញ​ផ្នូរ​ខ្មោច​ថ្មី​ៗ​របស់ នាងណាត ហើយ​ឃើញ​រូប​រាង​មនុស្ស​ស្លៀក​ពាក់​ស​ នៅ​អង្គុយ​ពី​មុខ​ផ្នូរ​នោះ។
«ខ្មោច​លង! ខ្មោច​លង​ខ្ញុំ​ហើយ​ព្រះ​អើយ!»
ស្រែក​ផង នាយ​ខំ​រត់​រក​ផ្លូវ​ទៅ​ផ្ទះ​ផង ប៉ុន្តែ​ជើង​នាយ​ឡើង​ទន់​ដូច​មាន​អំណាច​អ្វី​ បញ្ជា​មិន​ឲ្យ​រត់​ទៅ​មុខ។
«ពូ​សិដ្ឋ!» សំឡេង​ក្មេង​ស្រី​ម្នាក់​បន្លឺ​ហៅ។
«អូ! ខ្មោច​លង​ ហៅ​ឈ្មោះ​ខ្ញុំ​ទៀត!»
នាយ​ខំ​ប្រឹង​រត់​ ទាល់តែជំពប់​ជើង​ដួល​ព្រូស រួច​ឮ​សំឡេង​ក្មេង​​ស្រី​លាន់​ឮ​ទៀត «ពូ​សិដ្ឋ! គឺ​ខ្ញុំ​ទេ!»
«ដឹង​ហើយ​ថា នាង​គឺ​ បង​ស្រីណាត! កុំ​លង​ខ្ញុំ​អី ខ្ញុំ​គ្មាន​អី​គួរ​ឲ្យ​លង​ទេ!» នាយ​ដេក​ផ្កាប់​មុខ​ ខ្លួនញ័រ​ទទ្រើត ហើយ​បិទ​ភ្នែក​ជិត ​អត់​ហ៊ាន​​ងាក​​មើល​ក្រោយ​ខ្នង​ទេ។
«អា​សិដ្ឋ ឯង​កើត​អី​បាន​ជា​ដេក​ញ័រ​ទទ្រើត​ហ្នឹង?»
ឮ​សំឡេង​នេះ ទើប​​នាយសិដ្ឋ បើក​ភ្នែក​ ងាក​មើល​ទៅ​ឃើញ​អ៊ំសៅ​ ដើរ​មក។ នាយ​ធូរ​ចិត្ត​អន់​ភ័យ ប្រញាប់​តប​ទៅ​វិញ «ខ្មោច​នាងណាត លង​ខ្ញុំ​អ៊ំ! អ៊ំ​ឃើញ​ទេ? នៅ​ខាង​ក្រោយ​ខ្នង​ខ្ញុំ!»
«ឯ​ណា​ ខ្មោច​នាងណាត?» អ៊ំ​សៅ​សួរ​មក​វិញ។
«អ៊ំ​មើល​មិន​ឃើញ​ទេ! ប្រហែល​នាង​លង​តែ​ខ្ញុំ​ទេ ឃើញ​អ៊ំ​មក​នាង​រលាយ​ខ្លួន​បាត់​ហើយ!» និយាយ​បណ្ដើរ នាយ​ក្រោក​ឡើង រួច​ក្រឡេក​ទៅ​ក្រោយ​ខ្នង ស្រាប់​តែ​ឃើញ​ នាងនី កូន​ខ្មោចនាង​ណាត​កំពុង​ឈរ​សម្លឹង​មើល​មក។ នាយ​ក៏​ភ្លាត់​មាត់ «គឺនាងនី ទេ​អេះ? ពូ​ស្មាន​តែ​ខ្មោច​ម៉ែ​ឯង​លង​ពូ! មើល​ពាក់​អាវ​ស​អ៊ីចឹង​ទៀត អា​ណា​មិន​ច្រឡំ?»
អ៊ំ​សៅ គ្រវី​ក្បាល​ពោល​ថា «អា​ក្បាល​កញ្ចាស់​អើយ! ខ្លាច​ខ្មោច​ជាង​កូន​ក្មេង​ទៅ​ទៀត!»
«បើ​អ៊ំ​ជា​ខ្ញុំ អំ​មិញ​នេះ​ក៏​ខ្លាច​ដែរ! ហ្នឹង​ហើយ! គឺ​ព្រោះ​នាងនី​ យំ​​ល្វើយ​ៗ​​ដូច​សំឡេង​ខ្មោច​អ៊ីចឹង…»
និយាយ​រួច ទាំង​នាយសិដ្ឋ ទាំង​អ៊ំសៅ ក៏​ងាក​មើល​ទៅ​មុខ នាងនី ដែល​ភ្នែក​នៅ​ពណ៌​ក្រហម​មិន​ទាន់​បាត់​នៅឡើយ។ អ៊ំសៅ​និយាយ​ទៅ​​​នាង​ថា «នឹក​ម៉ែ​មែន​ទេ​ចៅ?   ម៉ែ​ចៅ​ទៅ​បាន​សុខ​ហើយ កុំ​នឹក​គេ​អី​​ទៀត!»
ឮ​សម្តី​អ៊ំសៅ នាយសិដ្ឋ ក៏​ពោល​ថា «ម៉ែ​នាង​ទៅ​បាន​សុខ​ហើយ តែ​នាង​មិន​ដឹង​ទៅ​រស់​នៅ​ជាមួយ​អ្នក​ណា​ទេ បើ​យាយ​តា​នាង​សុទ្ធ​តែ​កាច​ៗ​យ៉ាង​នេះ!»
នាងនី​ មាន​ទឹក​មុខ​ស្រងូត និយាយ​មួយ​ៗ «អ៊ំ​ខាង​ខ្មោច​ពុក​ខ្ញុំ គាត់​ប្រាប់​ថា​ចង់​នាំ​ខ្ញុំ​ ទៅ​នៅ​ភ្នំពេញ​ជាមួយ​គាត់ ប៉ុន្តែ​ខ្ញុំ​មិន​ដាច់​ចិត្ត​ពី​ម៉ែ ខ្លាច​គាត់​អផ្សុក…»
«អ៊ីចឹង​ ឯង​ចង់​នៅ​នឹង​ផ្នូរ​ហ្នឹង​ជាមួយ​ម៉ែ​ឯង?» នាយសិដ្ឋលាន់​មាត់។
នាងនី​ តប​ថា «កាល​ម៉ែ​នៅ​រស់ គាត់​ខ្លាច​ខ្មោច​ណាស់ ហើយ​ធ្លាប់​​ផ្តាំ​ខ្ញុំ​ថា បើ​គាត់​ស្លាប់​ចោល​ខ្ញុំ ឲ្យ​ខ្ញុំ​ឧស្សាហ៍​មក​លេង​ផ្នូរ​គាត់​ផង។ តែ​​បើ​​ខ្ញុំ​ទៅ​ភ្នំពេញ ធ្វើ​ម៉េច​អាច​ឧស្សាហ៍​មក​លេង​ផ្នូរ​គាត់​បាន?»
អ៊ំសៅ​ក៏​ប្រាប់​នាង​ថា «កុំ​គិត​ដល់​ថ្នាក់​ហ្នឹង​ចៅ! រឿង​មក​លេង​ម្តាយ​នេះ ចាំ​ពេល​មាន​បុណ្យ​ទាន​អី​ទៅ សំខាន់​ចៅ​ត្រូវ​គិត​ពី​អនាគត​​ខ្លួន​ឯង។ តើ​ទៅ​នៅ​ជាមួយ​អ៊ំ​របស់​ចៅ​ឯង​ហ្នឹង គាត់​ឲ្យ​រៀន​សូត្រ​អី​ទេ? តិច​គេ​យក​ចៅ​ទៅ​បម្រើ​គ្រួសារ​គេ រំលោភ​សិទ្ធិ​កុមារ​របស់​ចៅ​ណា៎!»
នាង​នី​ឆ្លើយ​ថា «ឮ​ថា​គាត់​ចង់​ឲ្យ​ខ្ញុំ​ទៅ​ទូល​នំ​កង​លក់ តា!»
«ស្រេច​បាត់!» សំឡេង នាយសិដ្ឋ។
«អើ! អា​ហ្នឹង​ហើយ គេ​ហៅ​ថា​រំលោភ​សិទ្ធិ​កុមារ​ណា​ចៅ!» អ៊ំសៅ​ប្រាប់នាងនី។
នាងនី​ និយាយ​ទាំង​គិត​វែង​ឆ្ងាយ «ប៉ុន្តែ​តើ​គាត់​ឲ្យ​ខ្ញុំ​ដេក​ស៊ី​ម៉េច​​​កើត បើ​ខ្ញុំ​មិន​មែន​ជា​កូន​បង្កើត​គាត់​ផង? គាត់​ចិញ្ចឹម​ខ្ញុំ បើ​ខ្ញុំ​មិន​មាន​​ប្រយោជន៍ ធ្វើ​ម៉េច​គាត់​ព្រម​ចិញ្ចឹម?»
«នាងនី​និយាយ​ត្រូវ អ៊ំ! រំលោភ​សិទ្ធិ​កុមារ​ស្អី បើ​គេ​មិនចិញ្ចឹម​​នាងនី បាន​អ្នក​ណា​ចិញ្ចឹម​នាង? អ៊ីចឹង គេ​រំលោភ​សិទ្ធិ​នាង​ក៏​មាន​​ហេតុ​ផល​​ម្យ៉ាង​ដែរ​តើ!» យោបល់​នាយសិដ្ឋ។
អ៊ំសៅ​ខោក​ក្បាល​នាយសិដ្ឋ​ផស ដោយ​ពោល​ថា «អា​ល្ងើ! មនុស្ស​​គ្រប់​គ្នា គេ​មិន​គិត​តែ​ផល​ប្រយោជន៍​ដូច​ជា​ឯង​អ៊ីចឹង​ទេ។» រួច​​គាត់​ប្រាប់​ទៅ​នាងនី «ចៅ​នី​អ្ហា៎! បើ​ចៅ​ទៅ​នៅ​ជាមួយ​អ៊ំ​ចៅ​នោះ តា​ចង់​​ឲ្យ​ចៅ​សួរ​គាត់​ថា តើ​គាត់​ឲ្យ​ចៅ​រៀន​ឬ​ក៏​អត់? ហើយ​បើ​គាត់​ឲ្យ​ទៅ​​រៀន ចៅ​ជួយ​សម្រាល​ដៃ​ជើង​គាត់ ដើម្បី​សង​គុណ​គាត់ គេ​មិន​គិត​ថា ចៅ​រំលោភ​សិទ្ធិ​កុមារ​របស់​ខ្លួន​ឯង​ទេ!»
«ជួយ​សម្រាល​ដៃ​ជើង​គាត់ មាន​តែ​ដើរ​លក់​នំ​កង​ហ្នឹង​ហើយ តា! ព្រោះ​គាត់​ជា​អ្នក​លក់​នំ​កង!»
អ៊ំសៅ ងក់​ក្បាល បន្លឺ​ថា «ធ្វើ​ម៉េច​ចៅ​ឯង​អភ័ព្វ ឪ​ម៉ែ​ស្លាប់​ចោល​​អស់… ទ្រាំ​ទៅ​ចៅ! ឲ្យ​តែ​បាន​បាយ​ហូប និង​បាន​ទៅ​រៀន​សូត្រ ចៅ​ទៅ​រស់​នៅ​ជាមួយ​គេ​ទៅ!» គាត់​ងាក​ទៅ​សួរ​ នាយសិដ្ឋ ថា «អា​សិដ្ឋ ឮ​ថា​ឯង​ជិត​ទៅ​រៀន​នៅ​ភ្នំពេញ​ផង​អ្ហេះ?»
«បាទ​អ៊ំ! ខែ​ក្រោយ​ហ្នឹង​ខ្ញុំ​ទៅ​រៀន​នៅ​ភ្នំពេញ​ហើយ។» នាយ​សិដ្ឋ​ឆ្លើយ។
«អើ! បើ​បាន​ទៅ​នៅ​ហ្នឹង ត្រូវ​​ទៅស្គា​ល់​ផ្ទះ​អ៊ំ​របស់ចៅនី ផង ហើយ​ឧស្សាហ៍​ទៅ​មក​មើល​គ្នា​ផង!»
…ក្រោយ​មក  ​នាងនី ក៏​ទៅ​រស់​នៅ​ភ្នំពេញ​ជាមួយ​អ៊ំ​ខាង​ខ្មោច​​ឪពុក​​របស់​នាង ឯ​នាយសិដ្ឋ ក៏​ទៅ​រៀន​សាកលវិទ្យាល័យ​នៅ​ទី​នោះ​ដែរ។ ហេតុ​នេះ​ពេល​មាន​បុណ្យ​ទាន​ម្តង​ៗ នាយ​តែង​ទៅ​ទទួល​ នាងនី មក​​លេង​ស្រុក​ជាមួយ​គ្នា។
វេលា​កន្លង​ផុត​ទៅ​ទៀត នាយសិដ្ឋ រៀន​ចប់​បាន​ក្លាយ​ជា​គ្រូពេទ្យ​ប្រចាំ​ភូមិ តែ​នាយ​មិន​ទាន់​យក​ប្រពន្ធ​សោះ ទោះ​បី​ឪពុក​ម្តាយ​បង្ខំ​​យ៉ាង​ណា​ក៏​ដោយ។ ហេតុផល​នោះ​គឺ​នាយ​រង់​ចាំ នាងនី រៀន​ចប់​ឌីប្លូម នឹង​អាល​ចូល​ដណ្ដឹង​នាង​រៀបការ។
នាងនី កូន​ខ្មោច​នាងណាត ថ្វី​ត្បិត​តែ​កើត​មក​អភ័ព្វ​មែន ប៉ុន្តែ​ដោយ​ការ​តស៊ូ​រស់​របស់​នាង ចុង​ក្រោយ​នាង​ក៏​ក្លាយ​ទៅ​ជា​នារី​ម្នាក់​​ដ៏​មាន​សំណាង ព្រោះនាយសិដ្ឋ ជា​ប្តី​ស្រលាញ់​នាង​ណាស់ ទាស់​តែ​ម្យ៉ាង​គឺ​នាយ​នៅ​តែ​ខ្លាច​ខ្មោច​ដដែល។
រឿង កូន​ខ្មោច​នាង​ណាត សន្មត់​ថា​ចប់​ដោយ​បរិបូរណ៍! សូម​ថ្លែង​អំណរ​គុណ សូម​អរគុណ!
«ចប់​ហើយ?» អ្នក​ស្តាប់​ឧទាន​ទាំង​ធ្វើ​ភ្នែក​ឡេម​ឡាម​។
ស្រឿន​ក៏​និយាយ​ទាញ​ចំណាប់​អារម្មណ៍​ចុង​ក្រោយ​ថា «ខ្ញុំ​គិត​ថា រឿង​ខ្ញុំ​នេះ​ធ្វើ​ឲ្យ​ម៉ែ​ឪ​បង​ប្អូន​ស្តាប់​ឡើង​ភ្លឹក​អស់​ហើយ តែ​កុំ​ភ្លេច​ឲ្យ​ពិន្ទុ​​ដល់​ខ្ញុំ​ឲ្យ​ច្រើន​ផង។ ខ្ញុំ​សូម​អរគុណ​ទុក​ជា​មុន​ណា៎!»
និយាយ​រួច​គេ​សើច​ស្ញេញ ហើយ​បម្រុង​ដើរ​ចេញ​ពី​កន្លែង​និយាយ​​រឿង ធ្វើ​ឲ្យ​មាន​អ្នក​ស្តាប់​ម្នាក់​ស្រែក​សួរ​ឡើង «ឈប់​សិន! ចុះ​ម៉េច​ក៏​មិន​និយាយ​ពី​ខ្មោច​​នាង​ណាត គិត​តែ​និយាយ​ពី​នាងនី  និងនាយសិដ្ឋ​ឯណា​ទៅ​វិញ?»
ស្រឿន​ ឆ្លើយ​ទាំង​អំណួត​ថា «សូម​អរគុណ​ចំពោះ​សំណួរ​របស់​​បង​ស្រី! ខ្ញុំ​បាទ​សូម​ជម្រាប​ថា នាងនី​នេះ​គឺ​ជា​កូន​ខ្មោច​​នាងណាត ទើប​ខ្ញុំ​និយាយ​ពី​នាង​ច្រើន​ជាង​គេ។»
«គ្មាន​អ្នក​ណា​គេ​ចង់​ស្តាប់​រឿង​របស់​នាងនី ដែល​ជា​មនុស្ស​នោះ​​ទេ!» សំឡេង​ប្រឆាំង​ពី​អ្នក​ស្តាប់​ម្នាក់​ទៀត។
ស្រឿន​ នៅ​តែ​ឆ្លើយ​ទាំង​ញញឹម «បាទ ខ្ញុំ​បាទ​សោក​ស្តាយ​ណាស់ ព្រោះ​រឿង​នេះ​ជា​រឿង​ពិត ដែល​ក្រោយ​ពី​ នាង​ណាត​ស្លាប់​ទៅ នាង​ក៏​​បាត់​ជ្រាប មិន​ដែល​មក​លេង​ភូមិ ឬ​ក៏​ផ្ញើ​អ៊ីម៉ែល​ប្រាប់​ពី​សុខ​ទុក្ខ​នាង​ឲ្យ​​អ្នក​ណា​ដឹង​ទេ ទើប​ខ្ញុំ​មិន​អាច​ដឹង​រឿង​របស់​នាង​បាន។»
ឆ្លើយ​ចប់ ស្រឿន​ដើរ​យ៉ាង​សង្ហា​ទៅ​អង្គុយ​នៅកៅអី​របស់​ខ្លួន​ ទាំង​ក្នុង​ចិត្ត​គិត​ជាប់​ថា មាន​គេ​ចាប់​អារម្មណ៍​ច្រើន​បែប​នេះ រឿង​របស់​គេ​ប្រាកដ​ជា​ជាប់​លេខ​មួយ​ជាក់​ជា​មិន​ខាន​ឡើយ ប៉ុន្តែ​ធាតុ​ពិត​អ្នក​ស្តាប់​គ្រវី​ក្បាល​ហួស​ចិត្ត​ឲ្យ​គ្រប់​តែ​គ្នា។
បន្ត​មក​អ្នក​សម្រប​សម្រួល​ក៏​បាន​ឡើង​និយាយ «បេក្ខជន​ចំនួន​ពីរ​រូប​បាន​បញ្ចេញ​ស្នាដៃ​របស់​ខ្លួន​រួច​ទៅ​ហើយ ហើយ​រឿង​របស់​ពួក​គេ​ក៏​កំពុង​តែ​លាន់​រងំ​ក្នុង​ត្រចៀក​របស់​បង​ប្អូន ដើម្បី​ទាម​ទារ​ពិន្ទុ​យក​ជ័យ​លាភី។ ប៉ុន្តែ​កម្មវិធី​យើង​មិន​ទាន់​ចប់​នៅ​ឡើយ​​ទេ គឺ​នៅ​តែ​បន្ត​ស្វែង​រក​​អ្នក​ណា​ដែល​ពូកែ​និទាន​រឿង​ខ្មោច​ជាង​គេ មក​ធ្វើ​ជា​ម្ចាស់​រង្វាន់​ប្រាក់​​សុទ្ធ​​១០០០០០រៀល។ អាស្រ័យ​ហេតុ​នេះ សូម​អញ្ជើញ​អ្នកណា​ក៏​​បាន​ដែល​ដឹង​រឿង​ខ្មោច ចេះ​និយាយ​រឿង​ខ្មោច​ឲ្យ​គេ​ស្តាប់ សូម​​អញ្ជើញ​ឡើង​មក​ចុះ​ឈ្មោះ​ភ្លាម និយាយ​ភ្លាម​តែ​ម្តង!»
ស្ងាត់​ឈឹង  អត់​មាន​អ្នក​ណា​ស្ម័គ្រ​ចិត្ត​សោះ ទើប​អ្នក​ស្រី​គណៈ​​កម្មការ អ្នកស្រី ស្រីពៅ ក្រោក​ឈរ​បង្ហាញ​ទស្សនៈ «នាង​ខ្ញុំ​ក្នុង​នាម​ជា​មេ​ប្រយោគ​នៃ​កម្មវិធី​នេះ សូម​ឡើង​មាន​យោបល់​បន្តិច​ថា​ សម័យ​យើង​​នេះ​ធ្វើ​ស្អី​ក៏​ដោយ គេ​គិត​ពី​យេនឌ័រ។ ដូច​ជា​នាង​ខ្ញុំ​មក​ធ្វើ​ជា​គណៈ​​មេ​ប្រយោគ​នេះ​ក៏​ចង់​លើក​ស្ទួយ​យេនឌ័រ លើក​កិត្តិយស​ឲ្យ​នារី​ភេទ​​ ស្រ្តីភេទ ហើយ​ខ្ញុំ​អន់​ចិត្ត​ណាស់ ​ដែល​គណៈ​កម្មការ​បី​នាក់ មាន​ស្រី​​តែ​ខ្ញុំ​ម្នាក់។ ប៉ុន្តែ​មិន​អី​ទេ ឲ្យ​តែ​មាន​វត្តមាន​មនុស្ស​ស្រី​ចូល​រួម​គឺ​ល្អ​ណាស់!…»
«អ្នក​ស្រី​អ្អា៎! ពេល​នេះ​យើង​មិន​មែន​ប្រជុំ​រឿង​យេនឌ័រ​ទេ​បាទ!» អ្នក​ស្តាប់​ម្នាក់​ក្រោក​ឈរ​និយាយ។
អ្នកស្រី ស្រីពៅ មិន​ខ្វល់​ស្តាប់​អ្នក​ណា​ទេ គិត​តែ​និយាយ​ពី​គំនិត​​ខ្លួន​បន្ត​ទៀត «ចាស ហេតុ​នេះ​ខ្ញុំ​ចង់​ឃើញ​បេក្ខភាព​នារី​ឡើង​មក​ប្រកួត​ប្រជែង និទាន​រឿង​ខ្មោច​កុំ​ឲ្យ​ចាញ់​បុរស។ តើ​នៅ​ទី​នេះ​មាន​​នារី​ប៉ុន្មាន​នាក់​ដែរ​ចាស? ខ្ញុំ​ឃើញ​ថា​ ដូច​ជា​មាន​នារី​តិច​ជាង​បុរស​ទេ ​តែ​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​នារី​ក្លាហាន ហ៊ាន​ឡើង​មក​វេទិកា​ប្រកួត​ឲ្យ​​បាន​ច្រើន​ជាង​បុរស ដើម្បី​ឲ្យ​គេ​ដឹង​ថា នារី​យើង​មាន​សមត្ថភាព​មិន​​ចាញ់​បុរស​ជា​ដាច់​ខាត។ ខ្ញុំ​សូម​លើក​ឧទាហរណ៍​ខ្លះ​ៗ​ថា នារី​នា​​ពេល​បច្ចុប្បន្ន​នេះ​ពូកែ​ៗ​ណាស់ ដែល​ពួក​គាត់​មាន​តួ​នាទី​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ ឬ​គ្រប់​ក្រសួង​ទាំង​អស់ ហើយ​នៅ​ប្រទេស​ខ្លះ​នារី​ថែម​ទាំង​អាច​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទៀត​ផង។»
«សូម​ទោស​អ្នក​ស្រី សូម​អ្នក​ស្រី​ជួយ​បញ្ចប់​មតិ​ទស្សនៈ​ប៉ុណ្ណឹង​​ចុះ  កុំ​ឲ្យ​បង​ប្អូន​អ្នក​ស្តាប់​ធុញ ហើយ​យើង​នឹង​អាល​ចូល​កម្មវិធី​ស្តាប់​​​រឿង​ខ្មោច​របស់​យើង​បន្ត​ទៀត។» អ្នក​សម្រប​សម្រួល​ពោល​កាត់។
អ្នក​ស្រី ស្រីពៅ ក៏​បន្លឺ​ថា «ចាស គឺ​នាង​ខ្ញុំ​គ្រាន់​តែ​សូម​បើក​រង្វង់​​ក្រចក​មួយ​និយាយ​ពី​យេនឌ័រ ហើយ​ខ្ញុំ​សូម​ផ្តាំ​ស្ត្រី​ទាំង​អស់​ថា ដើម្បី​ឲ្យ​​ខ្លួន​យើង​មាន​តម្លៃ យើង​ត្រូវ​តែចេះ​ឲ្យ​តម្លៃ​ខ្លួន​ឯង។ ឥឡូវ​នាង​ខ្ញុំ​សូម​និយាយ​ពី​កម្មវិធី​នេះ​បន្តិច​ចុះ ព្រោះ​យើង​បាន​ឃើញ​ហើយ​ថា​ បេក្ខជន​ពីរ​រូប​ជា​បុរស​ទាំង​ពីរ តែ​ពួក​គេ​និយាយ​រឿង​ខ្មោច​មិន​ចំ​ជា​​រឿង​ខ្មោច។ ម្នាក់​និយាយ​ពី​រឿង​យល់​សប្តិ​ឯ​ណា​ឯ​ណី ម្នាក់​បែរ​ជា​និយាយ​ពី​រឿង​កូន​ខ្មោច​កូន​កំព្រា​ឆ្កុយ ហើយ​តម្លៃ​នៃ​រឿង​​កូន​កំព្រាហ្នឹង​ទៀត​សោត​ ក៏​អត់​មាន​លើក​បង្ហាញ​ពី​តម្លៃ​ស្ត្រី​អី​សោះ បែរ​ជា​ឲ្យ​ស្ត្រី​រៀន​ត្រឹម​តែ​ថ្នាក់​ឌីប្លូម ហើយ​ស្រាប់​តែ​ត្រឡប់​ទៅ​រៀបការ ក្លាយ​ជាប្រពន្ធគេ​ធ្វើ​មិន​ដឹង។ យើង​គួរ​តែ…»
អ្នក​ស្រី​គាត់​ផ្អាកបន្តិច ព្រោះ​លោកផាន ដែល​អង្គុយ​ក្បែរ​កេះ​ឲ្យ​ឈប់​​និយាយ រួចទើបគាត់​បន្តទៀត «ចាស ហេតុ​នេះ​បើ​ស្ត្រី​យើង​ឡើង​និយាយ​ សូម​និយាយ​រឿង​ខ្មោច​ឲ្យ​ចំ​ជា​រឿង​ខ្មោច ហើយ​ខ្ញុំ​គិត​ថា ដោយ​សារ​តែ​​កន្លែង​នេះ​ជា​គុក​ទួល​ស្លែង ដែល​ជា​ទី​ប្រវត្តិសាស្ត្រ​នៃ​របប​ឃោរឃៅ​​ព្រៃ​ផ្សៃ​ប្រល័យ​ពូជ​សាសន៍ ទើប​ខ្ញុំ​ចង់​ឲ្យ​បេក្ខជន​នារី​យើង​​ឡើង​មក​​និយាយ​ពី​រឿង​ខ្មោច ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​របប​នោះ។ និយាយ​​ដល់​ចំណុច​នេះ​ខ្ញុំ​ចេះ​តែ​មាន​រឿង​ចង់​និយាយ​ច្រើន! តាម​ពិត​ខ្ញុំ​ដឹង​​រឿង​ខ្មោច​ច្រើន​ណាស់ ពិសេស​គឺ​ខ្មោច​លង​កាល​ពី​ជំនាន់​ប៉ុល​ពត​​ហ្នឹង។ កុំ​តែ​មិន​ចង់​យក​ឈ្នះ​ក្មួយ​ៗ កុំ​អី​ខ្ញុំ​ចុះ​ឈ្មោះ​ប្រលង​និទាន​​រឿង​ខ្មោច​នេះ​ភ្លាម។ តាំង​ពី​ក្មេង​មក៍​ ខ្ញុំ​រៀន​អីក៏​ដោយ ធ្វើ​អី​ក៏​ដោយ​ មិន​ឲ្យ​ចាញ់​ប្រុស​ទេ…» ឃើញ​អ្នក​ស្តាប់​​ស្ងាប​គ្រប់គ្នា ទើប​អ្នក​ស្រី​​ព្រម​បញ្ចប់​ «ចាស ហេតុ​នេះ​ ចុង​ក្រោយ ខ្ញុំ​សូម​បញ្ចប់​យោបល់​​របស់​ខ្ញុំ​ថា សូម​ឲ្យ​នារី​ក្លាហាន ឡើង​មក​ប្រលង​ក្នុង​កម្មវិធី​នេះ។ សូម​​អរគុណ!»
គ្រាន់​តែ​អ្នក​ស្រី ស្រីពៅ មាន​ប្រសាសន៍​ចប់ អ្នក​សម្រប​សម្រួល​​មិន​ទាន់​ទាំង​បាន​និយាយ​ស្អី​ផង ស្រាប់​តែ​ឃើញ​នារី​ម្នាក់​ ស្លៀក​ពាក់​​ខ្មៅ សក់​ត្រឹម​កញ្ចឹង​ក ផ្ទៃ​មុខ​ស្រពេច​ស្រពិល​មើល​មិន​ច្បាស់ ដើរ​​សំដៅ​ទៅ​ពន្លឺ​ចង្កៀង ធ្វើ​ឲ្យ​អ្នកស្រី ស្រីពៅ ញញឹម​ពេញ​ចិត្ត​យ៉ាង​ខ្លាំង។ រី​ឯ​អ្នក​ឯ​ទៀត​វិញ នាំ​គ្នា​សម្លឹង​ទៅ​រក​នាង​ទាំង​ព្រឺ​សម្បុរ​ និង​នឹក​ឆ្ងល់​ថា តើ​នាង​ដើរ​មក​ពី​កន្លែង​ណា ម៉េច​ក៏​មិនដឹង? រួច​ពួក​គេ​គិត​ថា​​នារី​ម្នាក់​នេះ​​ទើប​សម​ជា​អ្នក​និទាន​រឿង​ខ្មោច​មែន ព្រោះ​គ្រាន់​តែ​ឃើញ​រូប​រាង ពួក​​គេ​ឡើង​រន្ធត់ ទម្រាំ​បាន​ឮ​សំឡេង​ទៀត​ មុខ​តែ​សម​ឲ្យ​លេខ​មួយ​​ហើយ។
អ្នក​សម្រប​សម្រួល​ដែល​បាន​ឃើញ​មុខ​នារី​នោះ​ច្បាស់​ជាង​គេ ក៏​​និយាយ​ទាំង​សំឡេង​ញ័រ​ៗ​ថា «ពេល​នេះ​មាន​នារី​ម្នាក់​ស្ម័គ្រ​ចិត្ត​​ឡើង​​មក​ប្រលង​និយាយ​រឿង​ខ្មោច​ ហើយ ហេតុ​នេះ​សូម​ប្រាប់​ឈ្មោះ​របស់​​នាង និង​ចំណង​ជើង​រឿង​ដែល​នាង​ចង់​និយាយ​ផង។»
ស្រាប់​តែ​សំឡេង​ស្រាល​ៗ តែ​លាន់​ឡើង​ទ្រហឹង​របស់​នាង​បាន​ បន្លឺ​​​ថា «ខ្ញុំ​ឈ្មោះ នាងភីន។ ខ្ញុំ​ចង់​និយាយ​រឿង​មួយ​មាន​ចំណង​ជើង​ថា​ រឿង​ខ្ញុំ ។»
សំឡេង​នាង​ស្តាប់​ទៅ​ អ្នក​ណា​ក៏​ព្រឺ​ក្បាល​ដែរ ហេតុ​នេះ​អ្នក​​សម្រប​សម្រួល​ក៏​ដើរ​ចេញ​វឹង ព្រោះ​ខ្លាច​ទាល់​តែ​លែង​ហ៊ាន​សួរ​នាំ​​ទៀត។ ចំណែក​ឯ​អ្នក​ស្រី ស្រីពៅ ព្រឺ​ក្បាល​ផង ងក់​ក្បាល​ពេញ​ចិត្ត​​នឹង​នាង​ផង ហើយ​គិត​ក្នុង​ចិត្ត​ថា «នេះ​បាន​សម​ជា​អ្នក​និទាន​រឿង​ខ្មោច​​មែន! នារី​ខ្លាំង​អ៊ីចឹង​ណ៎ះ! តែ​គ្រាន់​តែ​ចំណង​រឿង​ចម្លែក​បន្តិច! យ៉ាង​ណា​ខ្ញុំ​មុខ​តែ​ឲ្យ​ពិន្ទុ​ច្រើន​ជាង​គេ​ហើយ!»
រឿង រឿងខ្ញុំ
នា​ជំនាន់​ប៉ុល​ពត… ខ្ញុំ​ត្រូវ​គេ​ជម្លៀស​ឲ្យ​ទៅ​នៅ​ភូមិ​មួយ​នៅ​ខេត្ត​​បាត់ដំបង។ ខ្ញុំ​ត្រូវ​ព្រាត់​អស់​ញាតិ​មិត្ត​បង​ប្អូន ជា​ពិសេស​ព្រាត់​ពី​បុរស​​ជាប់​ផ្ទះ​ម្នាក់​ដែល​ខ្ញុំ​បាន​លួច​ស្រលាញ់​ តាំង​ពី​ខ្ញុំ​ទើប​តែ​ពេញ​ក្រមុំ​​ភ្លាមៗ។ ជីវិត​របស់​ខ្ញុំ​ពេល​នោះ​ស្គាល់​តែ​ទឹក​ភ្នែក​រាល់​ថ្ងៃ តែ​ខ្ញុំ​លួច​​យំ​ទេ មិន​ហ៊ាន​យំ​ឲ្យ​ពួក​អា​ប៉ុល​ពត​ឃើញ​ទេ ខ្លាច​វា​ចាប់​យក​ទៅ​​វ៉ៃ​ចោល។​។ ពួក​អាប៉ុល​ពត មី​ប៉ុលពត​នោះ​សាហាវ​ដូច​សត្វ​តិរច្ឆាន អត់​​មាន​ចាត់​ទុក​យើង​ជា​មនុស្ស​ដូច​គ្នា​ទេ។ សង្ស័យ​តែ​ពួក​វា​ឡប់​ក៏​មិន​ដឹង​ រាល់​ថ្ងៃ​ភ្នែក​សម្លក់​សម្លឹង​ៗ ធ្វើ​ឲ្យ​ខ្ញុំ​ព្រលឹង​​នៅ​តែ​សក់​ក្បាល។
ថ្ងៃ​មួយ​នោះ ខ្ញុំ​កំពុង​ច្រូត​ស្រូវ​បណ្ដើរ ក្នុង​ចិត្ត​ទន្ទេញ​ជេរ​ពួក​​ចោល​ម្រាយ​ហ្នឹង​បណ្ដើរ ប៉ុន្តែ​ខ្ញុំ​ស្រាប់​តែ​ឈឺ​ពោះ ឈឺ​ចុក​ខ្លាំង​ណាស់​ ព្រោះ​ថ្ងៃ​នោះ​ខ្ញុំ​មក​រដូវ។ ទ្រាំ​មិន​បាន ខ្ញុំ​អង្គុយ​ចុះ​បន្តិច ស្រាប់​តែ​​មេកង​ស្រី​ម្នាក់​ដើរ​វឹង​មក​រក​ខ្ញុំ ស្រែក​ជេរ​ខ្ញុំ​ច្រែតៗ ថា​ខ្ញុំ​ខ្ជិល ឈឺ​សតិ​​អារម្មណ៍​ ធ្វើ​ពុត​គេច​មិន​ចង់​ធ្វើ​ការ ហើយ​ចង់​ចាប់​ខ្ញុំ​យក​ទៅ​រៀន​​សូត្រ។ សំណាង​បាន​បុរស​សង្ហា​ម្នាក់​ ចេញ​មក​អង្វរ​ក​រឲ្យ​ខ្ញុំ ​ដោយ​ប្រាប់​​ថា​គាត់​ជា​ញាតិ​របស់​ខ្ញុំ ទើប​វា​មិន​ដេញ​ដោល​ខ្ញុំ​បន្ត។​ នាង​មេ​កង​ហ្នឹង​​អាស​ណាស់​ដែរ ឃើញ​បុរស​នោះ​សង្ហាពេក ទើប​បាត់​មាត់​បាត់​ក ហើយ​មើល​គាត់​ភ្លៀក​ៗ​ប្រុងឲ្យ​ដៃ។ គាត់​នោះ​ឈ្មោះ ​វាសនា ស្អាត​​សង្ហារ​ណាស់ បើ​ទោះ​ជា​រូប​រាង​ស្គម​បន្តិច តែ​ស្គម​សម ហើយ​គាត់​មិន​ដែល​ទាំង​ស្គាល់​ខ្ញុំ​ផង ស្រាប់​តែ​មាន​និស្ស័យ​ហ៊ាន​ចេញ​មុខ​ជួយ​​ការពារ​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​បាក់​ចិត្ត​ស្រលាញ់​គាត់​ក្នុង​ពេល​នោះ​តែ​ម្តង។
ក្រោយ​មក​ខ្ញុំ​ និងបងវាសនា​ ចេះ​តែ​វ៉ៃ​កន្ទុយ​ភ្នែក​ដាក់​គ្នា​ តែ​លាក់​​លៀម​មិន​ឲ្យ​អ្នក​ណា​ដឹង ខ្លាច​គេ​ថា​យើង​ខុស​សីលធម៌​ នាំ​ឲ្យ​បាត់​​ខ្លួន​ទាំង​ពីរ​នាក់។ ស្រណោះ​ថ្ងៃ​នោះ​មែន​ទែន​ ពេល​ខ្ញុំ​ដើរ​ទៅ​រក​កន្លែង​​បត់​ជើង​តូច ស្រាប់​តែ​ឃើញ​ បង​វាសនា​កំពុង​តែ…ហ៊ើយ! ខ្ញុំ​អៀន​នឹង​​គាត់​អើយ​អៀន អត់​ហ៊ាន​មើល​អី​​សោះ។ ខ្ញុំ​ឈរ​បិទ​ភ្នែក​រហូត ទាល់​តែ​គាត់​ប្រាប់​ថា គាត់​រួច​រាល់​ហើយ ​ទើប​ពួក​យើង​ដើរ​ទៅ​ភូមិ​​ជាមួយ​គ្នា។ មែន​ហើយ! គាត់​ឈរ​ចាំ​ខ្ញុំ​បត់​ជើង​តូច​រួច ទើប​យើង​​បណ្ដើរ​គ្នា​ទៅ ហើយ​កាល​ណោះ គាត់​ថែម​ទាំង​ប្រាប់​ខ្ញុំ​ថា គាត់​តែង​តែ​​នឹក​ខ្ញុំ​គ្រប់​ពេល​វេលា ទោះ​ជា​អំមិញ​គាត់​កំពុង​តែ​បត់​ជើង​ធំ​ហ្នឹង ​ក៏​គាត់​​នឹក​ខ្ញុំ​ដែរ។ ខ្ញុំ​រំភើប​ណាស់ តែ​ដឹង​អី​ ពេល​ពួក​យើង​ដើរ​កាត់​ផ្ទះ​នាង​​មេ​កង​អាស​នោះ វា​ស្រាប់​តែ​ហៅ បង​វាសនា ​ឲ្យ​ចូល​ទៅ​ក្នុង​ផ្ទះ​វា។
ខ្ញុំ​ដើរ​ទៅ​ផ្ទះ​ម្នាក់​ឯង ទាំង​ខឹង​នាង​ហ្នឹង​ឡើង​ញ័រ​ខ្លួន តែ​មិន​ដឹង​​ធ្វើ​អី​វា​កើត បាន​ត្រឹម​តែ​ដាក់​បណ្ដាសា​វា​ឲ្យ​ឆាប់​រលាយ។ ខ្ញុំ​ស្រមៃ​ថា​ នាង​ម្នាក់​ហ្នឹង​ហៅ​​ បងវាសនា ចូល​ទៅ​ក្នុង​ផ្ទះ​វា ប្រាកដ​ជា​វា​គំរាម​​រំលោភ​គាត់​ហើយ។ ខ្ញុំ​ស្តាយ​ខ្លួន​ បងវាសនា​ ណាស់ តែ​ខំ​រំងាប់​ចិត្ត​ថា​​ឲ្យ​បង​វាសនា ​ព្រម​ជាមួយ​វា​ទៅ កុំ​គិត​ពី​ខ្ញុំ​អី សំខាន់​គឺ​ថែ​រក្សា​ជីវិត​​ឲ្យ​គង់​សិន ខ្លួន​គាត់​នៅ​តែ​ខ្លួន​គាត់​ដដែល​ទេ។
ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ រឿង​ខក​បំណង​មួយ​ក៏​កើត​ឡើង​ទៀត។ នៅ​​ពេល​នាង​មេ​កង​លលាម​នោះ​ ដឹង​ពី​ស្នេហា​អាថ៌​កំបាំង​រវាង​ខ្ញុំ និងបង​វាសនា វា​ក៏​រាយការណ៍​ឲ្យ​គេ​បញ្ជូន​ខ្ញុំ​មក​គុក​ទួល​ស្លែង​នេះ គឺ​វា​​ពង្រាត់​បង្រាស​ពួក​ខ្ញុំ ធ្វើ​ឲ្យ​ពួក​យើង​លែង​បាន​ឃើញ​មុខ​គ្នា… ហ៊ើយ! ហ៊ឹក!… ហ៊ឹក!…
ពេល​និយាយ​ដល់​ត្រឹម​នេះ នាងភីន យំ​ស្រណោះ​ស្រណោក តែ​​ពេល​នាង​ហើប​មាត់​ ប្រុង​និយាយ​បន្ត ស្រាប់​តែ​មាន​អ្នក​ស្តាប់​ម្នាក់​​ស្រែក​​ឃាត់ «ឈប់​និយាយ​ទៅ! និយាយ​ធ្វើ​សំឡេង​ឲ្យ​ព្រឺ​ព្រួច តែ​ដល់​​ស្តាប់​ទៅ រៀប​រាប់​តែ​ពី​ខ្លួន​ឯង មិន​ឃើញ​មាន​ខ្មោច​លង​អី​សោះ!»
នាងភីន ក៏​ឆ្លើយ​តប​ដោយ​សំឡេង​មួយ​ៗ​ថា «តែ​រឿង​ខ្ញុំ​មិន​ទាន់​​ចប់​ទេ!»
សំឡេង​អ្នក​ស្តាប់​តប​ទៅ​វិញ «តែ​គេ​គ្រប់​គ្នា​ស្តាប់​ឡើង​ធុញ​ហើយ​ រឿង​របស់​នាង​នោះ! បើ​មិន​ចេះ​និយាយ​រឿង​ខ្មោច​លង​ទេ ឈប់​​និយាយ​ទៅ!»
នាងភីន តប​ថា «តែ​ខ្ញុំ​មិន​ធ្លាប់​ខ្មោច​លង​ទេ!»
អ្នក​ស្តាប់​ម្នាក់​ទៀត​ក៏​ស្រែក​ឲ្យ​នាង «អ៊ីចឹង​ឈប់​និយាយ​ទៀត​​ទៅ! គេ​ចង់​ស្តាប់​តែ​រឿង​ខ្មោច​ទេ!»
នាងភីន នៅ​តែ​តវ៉ា​ថា «តែ​ខ្ញុំ​បាន​និយាយ​ពីរឿង​ខ្ញុំ​ឲ្យ​ស្តាប់​ហើយ​តើ!»
«ចុះ​រឿង​របស់​នាង​ហ្នឹង​គឺ​ជា​រឿង​ខ្មោច​អេះ?» គ្រប់​គ្នា​គំហក​ឲ្យ​​នាង​ទាំង​សើច​ចំអក។
នាងភីន​ឆ្លើយ​ទៅ​ពួក​គេ​ថា «ចាស ព្រោះ​ខ្ញុំ​គឺ​ជា​ខ្មោច!»
ឮ​នាង​និយាយ​បែប​នេះ មនុស្ស​នៅ​ទី​នោះ​ទាំង​ប៉ុន្មាន ក៏​ភ័យ​​​ស្រឡាំង​កាំង ​ ចែក​ជើង​គ្នា​រត់​ខ្ទេច នៅ​សល់​តែ​ពីរ​នាក់​ដែល​អង្គុយ​​ញ័រ​​ទទ្រាក់​រត់​មិន​រួច។ ក្នុង​នោះ​ម្នាក់​គឺ​អ្នក​ស្រី ស្រីពៅ ដែល​នាង​ភីន ​បាន​និយាយ​ទៅ​រក​គាត់ «អ្នក​ស្រី! អ្នក​ស្រី​គឺ​ជា​មនុស្ស​ចេះ​ដឹង​ណាស់!​ សម្តី​ដែល​អ្នក​ស្រី​និយាយ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ព្រលឹង​ខ្មោច​ស្រី​រំភើប​ចិត្ត​ ហ៊ាន​ចេញ​មក​បង្ហាញ​ខ្លួន​នៅមុខ​មនុស្ស​ដ៏​ច្រើន ខណៈ​ដែល​ព្រលឹង​​ខ្មោច​ប្រុស​ៗ​ខ្លាច​ មិន​ហ៊ាន​ចេញ​មុខ​សោះ។ អ្នក​ស្រី​ដឹង​ទេ ខ្ញុំ​ត្រូវ​ពួក​​ប៉ុលពត​សម្លាប់​ដោយ​វេទនា​ណាស់ ប៉ុន្តែ​ហេតុ​អី​បែរ​ជា​មនុស្ស​ទាំង​​នោះ​មិន​ចង់​ស្តាប់​រឿង​កម្សត់​របស់​ ខ្ញុំ? ពេល​នេះ ខ្ញុំ​មាន​រឿង​មួយ​ពឹង​ឲ្យ​​អ្នក​ស្រី​ជួយ​ ព្រោះ​អ្នក​ស្រី​គឺ​ជា​ស្រី​ក្លាហាន​ដែល​ខ្ញុំ​បាន​ជួប។ សូម​​អ្នក​ស្រី​អាណិត​ខ្ញុំ​ ជួយ​ដាក់​ពាក្យ​បណ្ដឹង​ ទៅ​សាលាក្តី​កាត់​ទោសមេ​ដឹក​នាំ​ខ្មែរ​​ក្រហម​ឲ្យ​ព្រលឹង​ខ្ញុំ​ផង! សូម​អ្នក​ស្រីជួយ​ខ្ញុំ​ផង!»
អ្នក​ស្រី​ ស្រីពៅ អង្គុយ​ស្តាប់​ខ្មោច​ស្រី​នេះ​និយាយ​ទាំង​ញ័រ រហូត​​ដល់​សន្លប់​នៅ​ហ្នឹង​កន្លែង។ ព្រលឹងនាងភីន ក៏​ងាក​ទៅ​មនុស្ស​ម្នាក់​​ទៀត​គឺ លោកចក់។ តើ​គាត់​នៅ​ចាំ​អីបាន​ជា​មិន​ព្រម​រត់? នាងភីនក៏​សួរ «ហេតុ​អី​ក៏​លោក​មិន​រត់​ដូច​ជា​ពួក​គេ​ទៅ? លោក​នៅ​ធ្វើ​អី? ឬ​ក៏​​ចង់​ស្តាប់​រឿង​រ៉ាវ​ខ្ញុំ​បន្ត​ទៀត?»
លោក​ចក់​ ភ័យ​រឹង​ថ្គាម​និយាយ​អ្វី​មិន​ចេញ គាត់​អាច​ត្រឹម​តែ​ត្រដរ​​ដើរ​ទាំង​ញ័រ​ជើង​ទៅ​រក​ព្រលឹង​ខ្មោច ដើម្បី​ហុច​ប្រាក់​រង្វាន់​ឲ្យ​នាង​ រួច​ទើប​គាត់​សន្លប់​បាត់​ស្មារតី​តាម​អ្នក​ស្រី​ ស្រី​ពៅ ទៅ៕
ភ្នំពេញ ថ្ងៃទី៦ សីហា ២០០៨
ដោយ សុខ ចាន់ផល