Thursday, December 2, 2010

នៅ​មិន​ទាន់​ស្លាប់​

បុរស​អ្នក​មាន​ម្នាក់​មាន​ការ​ត្រូវ​ចេញ​ដំណើរ​ភ្លាម, មុន​ពេល​ធ្វើ​ដំណើរ​​បាន​ហៅ​អ្នក​បម្រើ​​ប្រុស​មក​ប្រាប់ ៖ -ឯង​ត្រូវ​ចាំ​ផ្ទះ​ពេល​អញ​មិន​នៅ, កុំ​ដើរ​​ទៅ​ណា​ឱ្យ​សោះ ។ នែ, មើល​ឱ្យ​ចំណី​មាន់​ក្រៀវ​មួយ​ក្បាល​ដែល​អញទើប​តែ​ទិញ​មក​នោះ​ផង ប្រយ័ត្ន​គេ​លួច ។ រួច​គាត់​ចង្អុល​ដប​ស្រា​ថ្នាំ ៖ -នេះ​ជា​ដប​ថ្នាំ​ពុល ​អញ​ទិញ​សម្រាប់​​បំពុល​កណ្តុរ, ហ៊ាន​តែ​ផឹក​ស្លាប់​ភ្លាម ។ ពេល​ម្ចាស់​ផ្ទះ​ទៅ​ផុត​ បុរស​អ្នក​បម្រើ​នឹក​ក្នុង​ចិត្ត ៖ «ចៅ​ហ្វាយ​ម្នាក់​នេះ​ចិត្ត​អាក្រក់​​ណាស់ យើង​​មក​នៅ​បម្រើ​គាត់​រាប់​ឆ្នាំ តែ​មិន​ដែល​ឱ្យ​ហូប​ចុក​ឆ្ងាញ់​មាត់​ម្តង​ណា​ទេ ។ នេះ​​ជា​ឱកាស​ល្អ​សម្រាប់​​យើង​បាន​ឆ្ងាញ់​មាត់​​ហើយ ។ ហ៊ឹះ, ស្រា​ថ្នាំ​ធុន​ថ្លៃ​បំផុត​ប្រាប់​ថា ​ថ្នាំ​ពុល​​ទៅ​កើត» ។ គិត​ដូច្នេះ​ហើយ​បុរស​អ្នក​​បម្រើ​ក៏​ចាប់​មាន់​ក្រៀវ​ធ្វើ​​ម្ហូប​អង្គុយ​​ក្លែម​ស្រា​ទាល់​តែ​ស្រវឹង​ដេក​នៅ​នឹង​កន្លែង ។ ល្ងាច​​ឡើង​បុរស​អ្នក​មាន​​ត្រឡប់​មក​ផ្ទះ​វិញ​ឃើញ​បាត់​​​មាន់​ក្រៀវ ឯ​ដប​ស្រា​ថ្នាំ​ក៏​អស់​​រលីង ខឹង​​ណាស់​ដាស់​អ្នក​បម្រើ​សួរ ។ អ្នក​បម្រើ​ក្រោក​និយាយ​មិង​មាំង ៖ -ម៉េច​ខ្ញុំ​មិន​ទាន់​ស្លាប់? -ស្លាប់​រឿង​អី? -ជម្រាប​លោក​​ម្ចាស់, បន្ទាប់​ពី​លោក​​ម្ចាស់​ទៅ​ផុត​មួយ​សន្ទុះ​ស្រាប់​​តែ​មាន​ឆ្កែ​មួយ​​ក្បាល​ពុំ​ដឹង​មក​ពី​ណា​សង្គ្រប់​​ខាំ​មាន់​ក្រៀវ​ពាំ​យក​ទៅ​បាត់ ។ ​ខ្ញុំ​ភ័យ​​ពេក​ខ្លាច​លោក​​ម្ចាស់​សម្លាប់​ ខ្ញុំក៏​យក​ថ្នាំ​ពុល​ផឹក​ឱ្យ​ស្លាប់ ។ ​ខ្ញុំ​ផឹក​តាំង​ពី​ថ្ងៃ​ត្រង់​​ម៉្លេះ ​តែ​​រហូត​មក​ដល់​ឥឡូវ​នេះ​នៅ​តែ​មិន​ទាន់​ស្លាប់​​ទៀត៕

No comments:

Post a Comment