កាលដើមឡើយ ខ្មែរយើងពុំទាន់មានវិធី ឬឧបករណ៍សម្រាប់វាស់ពេល (លម្អិតខ្លី) ដូចគ្រាបច្ចុប្បន្នឡើយ ។ ហេតុនេះ ចាស់បុរាណ លោកកំណត់ពេលវែងខ្លីតាមរយៈការបង្កើតពាក្យផ្សេងៗ ហើយពាក្យខ្លះ នៅតែប្រើរហូតមកទល់សព្វថ្ងៃ មានដូចជា ៖
- យាម៖ ក្នុង ២៤ ម៉ោង លោកចែកជា ៦ ឬ ៨ យាម ក្នុងមួយយាមៗ មានប្រមាណពី ៣ ម៉ោង ទៅ ៤ ម៉ោង ។ គេគិតរាប់យាម១ ចាប់ពីថ្ងៃរះ គិតជាយាម៣ ឬយាម ៤ នៅពេលថ្ងៃលិច ។ ក្នុង ១ យប់ គិតជា ៤ យាម គឺពីព្រលប់គិតជាយាម ៤... ដល់ភ្លឺ គិតជាយាម ៨ ។
- ខួប៖ ការគិតអាយុក្មេង គេរាប់ពីខែ ដែលវាកើត រហូតមួយជុំ ដល់ថ្ងៃដដែលនេះវិញ គេហៅថាមួយខួបគឺត្រូវជា ១២ ខែ ។ ឧ. បើក្មេងកើតនៅ ថ្ងៃ ២ កើត ខែមាឃ..... លុះដល់វិលមួយជុំខួបមកដល់ថ្ងៃ ២ កើត ខែ មាឃ នេះ គេសន្មតថា ក្មេងនេះ អាយុបាន ១ ខួបហើយ ។ ការរាប់ឆ្នាំកំណើត ខ្មែរយើងមិនគិតតាមពុទ្ធសករាជឬគ្រិស្តសករាជទេ គឺកំណត់តាមឆ្នាំទាំង ១២ គឺ ឆ្នាំជូត, ឆ្លូវ, ខាល, ថោះ, រោង, ម្សាញ់, មមី, មមែ, វក, រកា, ច, កុរ ។ ក្នុង ១ ជុំ ខួបមាន ១២ ឆ្នាំ ... ។
- មួយសន្ទុះ៖ គឺជារយៈពេលជាកំណត់មួយ អាចស្មានបានប្រហែលជា ១ ម៉ោង ។ ឧ. ដើរបានមួយសន្ទុះ ក៏ចូលដល់ព្រៃធំមួយ.... ។
- មួយបោក៖ គឺជារយៈពេលជាកំណត់មួយ ប្រមាណជាកន្លះម៉ោង ។ ឧ. ដេកបានមួយបោក ភ្ញាក់ឡើងភ្លឺល្មម ។
- មួយបារី៖ គឺជារយៈពេលប្រមាណ ១៥ នាទី ។ ឧ. ច្រកថ្នាំចំនួនពេល ១ បារី អ្នកជំងឺក៏ដឹងខ្លួនវិញ ។
- មួយសាបស្លា៖ រយៈពេលប្រហែល ២០ នាទី ។ ឧ. ចម្ងាយផ្លូវពីភូមិ ធ្លកទ្រេតទៅ ឈើទាលជ្រំ គេត្រូវដើរ តែ១ សាបស្លា ប៉ុណ្ណោះ នឹងបានទៅដល់ហើយ ។
ចំណាំ៖ ពេល ១ បារី គឺរយៈពេល ដែលគេជក់ថ្នាំអស់ ១ បារី ឯពេល ១ សាបស្លា គឺរយៈពេលដែលអ្នកស៊ីស្លា កំណត់ថាស្លាសាបអស់រសជាតិ ត្រូវខ្ជាក់ចោលកាកស្លាហើយ ។
- មួយស្រឡេត៖ គឺរយៈពេលខ្លី ប្រមាណ ៥ ទៅ ១០ នាទី ។ ឧ. ធ្មេចមួយស្រឡេតទៅ ក៏យល់សប្តិឃើញដំរីដេញ... ។
- មួយភ្លែត៖ ស្មើនឹងរយៈពេល ៥ នាទី ។ ឧ. កុំតាមម៉ែអី ម៉ែទៅតែមួយភ្លែតនឹងវិលមកវិញហើយ ។
ដកស្រង់ពី៖វីគីភីឌា
No comments:
Post a Comment